(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា គោលនយោបាយដីធ្លី ត្រូវបានដាក់ចេញជាបន្តបន្ទាប់ដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ដីធ្លី កាត់បន្ថយវិវាទ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ហើយមកដល់អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គោលនយោបាយដីធ្លីនេះ នៅតែជាគោលនយោបាយចំបងសម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុជូនពលរដ្ឋ ក្នុងភូមិកំពង់នង់ ឃុំកូនសត្វ នៃស្រុកទឹកឈូ និងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិម្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ នៃស្រុកទឹកឈូ នាទី២៤ ខែមេសា ឆ្នាំ២០២៥ លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រោមមាគាដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាព សម្តេចបានដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួលបានការកាន់កាប់ដីធ្លី ដែលមានក្រោយពេលសង្គ្រាមដោយស្របច្បាប់ និងក្នុងន័យដើម្បីកាត់បន្ថយវិវាទដីធ្លីរ៉ាំរ៉ៃ។
លោក ម៉ៅ ធនិន បានបន្តថា មកដល់បច្ចុប្បន្ននេះ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំគតិបណ្ឌិត និងស្រលាញ់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែដាក់ចេញនូវយន្តការថ្មីៗ ពាក់ព័ន្ធនឹងវិស័យដីធ្លី ពិសេសការជំរុញដោយផ្ទាល់មកកាន់រដ្ឋបាលរាជធានី ខេត្ត ពិសេសមន្ទីរជំនាញ ឲ្យធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ស្របទៅតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។
លោកអភិបាលខេត្ត បានបន្ថែមថា ក្នុងអាណត្តិទី៧នេះ គោលនយោបាយដីធ្លី នៅតែជាគោលនយោបាយចំបងបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលនេះគឺបានបង្ហាញពីការគិតគូរខ្ពស់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំប្រទេស ក្នុងការផ្តល់នូវភាពស្របច្បាប់ ក្នុងការកាន់កាប់ដីធ្លី។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឲ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ ក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន២,២៩០ក្បាលដី ស្មើនឹង១,០៣០គ្រួសារ។ ចំពោះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមាន៣ភូមិ រួមមាន៖ ភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដីប៉ាន់ស្មាន ៦,៤៧២ក្បាលដី ស្មើនឹង១,៣៦២គ្រួសារ។
ក្នុងនោះភូមិអន្លង់ម៉ាក់ប្រាង្គ មានក្បាលដីប៉ាន់ស្មានចំនួន ២,៧០៨ក្បាលដី ស្មើនឹង៤២៧គ្រួសារ, ភូមិម្លិចគល់ មានក្បាលដីប៉ាន់ស្មានចំនួន ៧៤៦ក្បាលដី ស្មើនឹង ១៨៥គ្រួសារ និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣,០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ មកពីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ និងភូមិស្នោរតូច និងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត សរុបមានចំនួន ៦,០៣៧បណ្ណ។ ដែលពិធីនេះ បានធ្វើឡើងនៅបរិវេណវត្តសិរីជ័យមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត៕