(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។
បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ដអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។
ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
យោងផែនការណែនាំលេខ ០៤/២០២៥ គជបក ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញាំងឲ្យពិធីមង្គលនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ឆ្លើយតបនឹងអត្ថន័យ ខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ដល់រដ្ឋបាលខណ្ឌទាំង១៤។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖