(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយមសម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខារបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមសហការជាមួយ អង្គការគណៈកម្មាធិការសុខភាពកម្ពុជា (Cambodian Health Committee - CHC) សាខាខេត្តស្ទឹងត្រែង ដើម្បីផ្តល់ទីតាំងសម្រាប់កម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។

កម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយ-សែនជ័យនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត បេង ទូច មកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងអ្នកគ្រូពេទ្យ សេង បូរី មកពីមណ្ឌលសុខភាពព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ និងមានប្រជាពលរដ្ឋជាជនចាស់ជរាចំនួន៥២នាក់ បានចូលរួមពិនិត្យសុខភាព។

ការពិនិត្យសុខភាពមានដូចជា៖ វាស់សម្ពាធឈាម, ពិនិត្យជាតិស្ករក្នុងឈាម និងពិនិត្យជំងឺសួត។ ក្នុងចំណោមលោកយាយលោកតាទាំង ៥២នាក់ ដែលបានចូលរួមពិនិត្យសុខភាពនាឱកាសនោះ ភាគច្រើនមានជំងឺសម្ពាធឈាមខ្ពស់ និងជំងឺលើសជាតិស្ករ។ រីឯអ្នកជំងឺចំនួន ២នាក់ទៀត មានរោគសញ្ញាដូចជាក្អកជាញឹកញាប់ ប៉ុន្តែក៏មិនអាចសន្និដ្ឋានថាជាជំងឺសួត ហើយគ្រូពេទ្យបានយកសំណាកទៅពិនិត្យបន្ថែមមុននឹងបញ្ចប់ការវាយតម្លៃ។

សូមជម្រាបថា មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប្រហែល ៥លាននាក់ និងជាពិសេសជួយដល់អ្នករស់រស់មានជីវិតពីរបបខ្មែរក្រហមឱ្យទទួលបានសេវាសុខភាព និងសេវាសង្គមដែលជាតម្រូវការបន្ទាន់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចន្លោះពី៦០ឆ្នាំ និង ៨០ឆ្នាំ ប្រឈមនឹងជំងឺប្រចាំកាយ និងជំងឺផ្លូវចិត្ត។

បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជានៅតែផ្តោតលើសុខុមាលភាព និងផ្តល់ការថែទាំដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយធ្វើឱ្យប្រាកដថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅបានយូរ ដូច្នេះគាត់អាចចែករំលែករឿងរ៉ាវរបស់គាត់ទៅអ្នកដទៃ និងចងក្រងទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកសារ និងការកត់ត្រារឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅពេលនេះ គឺមានសារសំខាន់ជាងផ្នែកផ្សេងទៀតនៃប្រវត្តិសាស្ត្រទៅទៀត ពីព្រោះមនុស្សជំនាន់នេះនឹងត្រូវបាត់បង់នៅថ្ងៃណាមួយ ហើយលែងបានចែករំលែករឿងរ៉ាវដែលបានកើតឡើងចំពោះគាត់។ ដូច្នេះ ការចងក្រងឯកសារ និងការកត់ត្រា និងការរក្សាទុកនូវរឿងពីរបបខ្មែរក្រហម តាមរយៈការផ្តល់ជំនួយមនុស្សធម៌ និងសេវាថែទាំសុខភាពដល់អ្នករស់រមានជីវិតពីរបបខ្មែរក្រហម ដើម្បីឱ្យគាត់មានសុខភាពល្អនិងរស់នៅបានយូរទៅមុខទៀត គឺជារឿងចាំបាច់។

នៅចុងបញ្ចប់នៃកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ លោកវេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូពេទ្យ បានផ្ដល់ការណែនាំអំពីការថែទាំសុខភាព និងលើកទឹកចិត្តឱ្យអ្នកដែលមានជំងឺបន្តទៅពិនិត្យសុខភាពបន្ថែមនៅមណ្ឌលសុខភាពដែលនៅជិតខ្លួន ដើម្បីទទួលបានថ្នាំព្យាបាលទៅតាមភាពចាំបាច់ ដោយផ្អែកទៅលើស្ថានភាពសុខភាពជាក់ស្ដែងរបស់ខ្លួន៕