(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា និងសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកែប ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។
ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។
លោកអភិបាលខេត្ត បន្តទៀតថា បើទោះបីកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោពេញទៅដោយសុខសន្តិភាពក៏ការពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទមិនអាចមើលរំលងបានឡើយ។ ពោលត្រូវតែមានចំណេះជំនាញ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារបូរណទឹកដី និងអធិបតេយ្យជាតិ។
ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ ក៏បានថ្លែងអំណរគុណចំពោះកម្លាំងតំបន់ប្រតិបត្តិការសឹករងកែប ដែលបានចូលរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕