(ភ្នំពេញ)៖ លោក សម សេរី អតីតមនុស្សដែលជិតស្និទ្ធនឹងទណ្ឌិត សម រង្ស៊ី បានចាត់ទុក សម រង្ស៊ី ថាជាបុគ្គលបរាជ័យនយោបាយ និងបានប្រៀបធៀបមេខ្លោងក្រុមជ្រុលនិយមនោះ ដូចជា ក្រុមហ៊ុនដែលក្ស័យធនថែមទៀត។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយ ជុំវិញបញ្ហានេះ…

ក្នុងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការកសាងប្រទេសសាឡើងវិញក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះ, ឈ្មោះមនុស្សមួយចំនួនត្រូវបានគេសរសេរ និងបានចាត់ទុកជាមនុស្សបង្កភាពបែកបាក់ក្នុងសង្គមជាតិ។ ក្នុងចំណោមមនុស្សមិនល្អទាំងនោះ ឈ្មោះរបស់បុគ្គl សម រង្ស៊ី គឺជាមនុស្សម្នាក់ដែលគេប្រៀបប្រដូចជាសត្វចម្លែក ដែលបង្កើតតែក្លិនស្អុយនៃភាពអាម៉ាស់។

មនុស្សតិចតួចដែលនៅតែយល់ច្រឡំថា សម រង្ស៊ី គឺជាតួអង្គមួយនៃការតស៊ូផ្នែកនយោបាយ ប៉ុន្តែអ្នកដែលនៅស្និទ្ធជាមួយ សម រង្ស៊ី ដូចជាលោក សម សេរី ជាដើម ទើបដឹងដោយច្បាស់លាស់ថា សម រង្ស៊ី នោះ តាមពិតគឺជាបុគ្គលនៃមេរោគរបស់សង្គមទៅវិញនោះទេ។

លោក សម សេរី ដែលបានប្រកាសរំលាយរណសិរ្យរំដោះជាតិ និងរំលាយរដ្ឋាភិបាលនិរទេសរបស់ខ្លួនចោលនាវេលាថ្មីៗនេះ បានធ្វើដំណើរពីប្រទេសដាណាម៉ាក មកទស្សនកិច្ចស្រុកខ្មែរ នៃប្រទេសដើមកំណើត បន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានចេញព្រះរាជក្រិត្យ លើកលែងរាល់ទោសរាល់កំហុសឆ្គងទាំងអស់។

លោក សម សេរី បានប្រាប់ Fresh News ថា សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យ ឬមេដឹកនាំដែលមានឥទ្ធិពលអ្វីនោះទេ ប៉ុន្តែជាបុគ្គលម្នាក់ដែលបរាជ័យ ហើយលោក សម សេរី បានប្រៀបធៀប សម រង្ស៊ី ដូចជាក្រុមហ៊ុនមួយដែលក្ស័យធនអស់ទៅហើយ៖ «ខ្ញុំមើលឃើញថា វាជាបរាជ័យ។ ហេតុអីបានថាបរាជ័យ គឺពីមុនគាត់ទទួលបាន៥៥កៅអីនៅក្នុងប្រទេស ហើយគាត់មិនអាចការពារបានផង។ នេះគឺជាបរាជ័យទី១ ហើយគាត់ខិតខំទៅក្រៅប្រទេសគាត់ខំ បង្កើតពីមួយទៅមួយ ដូចក្រុមហ៊ុនក្ស័យធនអញ្ចឹង។ អញ្ចឹងប្រសិនជាបងប្អូនប្រជាពលរដ្ឋទៅតាម យើងគឺគាត់អ្នកខាត ព្រោះជាបុគ្គលដែលបរាជ័យ, បុគ្គលដែលក្ស័យធនទៅហើយ។ អញ្ចឹងហើយបានគាត់បង្កើត (ព្រឹត្តិការណ៍) ពីមួយទៅមួយ»។

ជារៀងរាល់ថ្ងៃ គេតែងឃើញបុគ្គល សម រង្ស៊ី នេះ បង្ហោះសារនយោបាយដ៏ពិសពុលដើម្បី ស្វែងរកការបង្កើតរឿងនៅក្នុងសង្គមជាតិខ្មែរ។ សារនយោបាយរបស់បុគ្គលបរាជ័យនយោបាយនេះ គឺតែងផ្ទុយពីការពិត, សារដែលចូលចិត្តនិយាយរើងអើង និងគ្មានគោលបំណងល្អ ចង់ឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពឡើយ។

លោក សម សេរី បានបរិហាថា នៅឯក្រៅប្រទេសនោះ គ្មានអ្នកណាម្នាក់គេចាប់អារម្មណ៍នឹងសម្តីរបស់ សម រង្ស៊ី ឡើយ ហើយសូម្បីតែមន្ត្រីតំណាងអង្គការសហប្រជាជាតិដូចជាអ្នកស្រី Rhona Smith ជាដើម ក៏បាននិយាយថា សម រង្ស៊ី គឺជាមនុស្សដែលរើសអើងជាតិសាសន៍៖ «ទី១ សារនយោបាយរបស់គាត់ គឺមានការរើសអើង, រើសអើងពូជសាសន៍, រើសអើងនយោបាយ…ត្រង់ហ្នឹង គឺផ្ទុយពីសិទ្ធិមនុស្ស និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដែលអន្តរជាតិគេអត់ទទួលស្គាល់ទេ… ហើយលោក សម រង្ស៊ីអន្តរជាតិគេមិនរវល់ទេ។ មិនត្រឹមតែបច្ចុប្បន្នទេ តាំងពីលោកស្រី រ៉ូណា ស្មីត គាត់និយាយនៅក្នុងអង្គការសហប្រជាជាតិ…គាត់ថាលោក សម រង្ស៊ី ហ្នឹងរើសអើងពូជសាសន៍។ អញ្ចឹងកាលណាការទូតគេនិយាយអញ្ចឹង (គឺ) គេ Cancel ចោល និងគ្មានអន្តរជាតិណាគេទទួលស្គាល់ទេ»។

ទណ្ឌិត សម រង្ស៊ី មិនមែនត្រឹមតែជាអ្នកនយោបាយរើសអើងពូជសាសន៍ប៉ុណ្ណោះទេ បុគ្គលនេះជាមួយនឹងបក្ខពួក តែងបង្កើតព្រឹត្តិការណ៍ដើម្បីរៃអង្គាសថវិកាដាក់ក្នុងហោប៉ៅ ដូចជាបង្កើតព្រឹត្តិការណ៍ជួបជុំតវ៉ា និងការបង្កើតចលនាតស៊ូហិង្សាខុសច្បាប់នៅក្រៅប្រទេសនោះជាដើម។ ហើយរាល់សកម្មភាពរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលបានធ្វើនៅខាងក្រៅប្រទេស គឺតែងនិយាយលាបពណ៌អាក្រក់ៗ ដាក់មកលើប្រមុខដឹកនាំកម្ពុជានៅក្នុងប្រទេសនេះទៅវិញ។ ប៉ុន្តែសម្តីចោទប្រកាន់នោះ បានសាបរលាបបន្តិចម្តងៗ និងគ្មានអ្នកជឿលើ សម រង្ស៊ី នោះទៀតឡើយ ដូចសុភាសិតដែលនិយាយថា «ផ្លូវឆ្ងាយដឹងកម្លាំងសេះ នៅយូរដឹងពីជម្រៅចិត្តមនុស្ស»

* ទណ្ឌិត សម រង្ស៊ី ល្មមបញ្ឈប់បំពុលសង្គមទៀតទៅ!

សម រង្ស៊ី បំពុលនយោបាយខ្មែរយូរពេកហើយ។ សម្តីរបស់គាត់ដែលបង្ហោះនៅលើបណ្តាញសង្គមដែលគ្មានការពិតមិនមែនជាដំណោះស្រាយទេ។ សម រង្ស៊ី ត្រូវដឹងថា អ្នកមិនមែនធ្វើនយោបាយដើម្បីជាតិ និងប្រជាជនទេ ផ្ទុយទៅវិញរូបអ្នកគឺជាអ្នកបោកប្រាស់ប្រជាជន ដើម្បីតែអំពើសងសឹកនយោបាយបុគ្គលរបស់អ្នកតែប៉ុណ្ណោះ។

ពេលវេលាបំពុលនយោបាយរបស់ទណ្ឌិត សម រង្ស៊ី គួរតែដល់ពេលបញ្ឈប់ហើយ! សារនយោបាយរបស់ សម រង្ស៊ី មិនអាចបោកប្រាស់ប្រជាពលរដ្ឋខ្មែរបានទៀតឡើយ…សម រង្ស៊ី មិនមែនជាស្រមោលនៃលទ្ធិប្រជាធិបតេយ្យស្អីនោះទេ, សម រង្ស៊ី គឺជាស្រមោលនៃការបែកបាក់ និងការសម្តែងរបស់ សម រង្ស៊ី នៅលើឆាកពេលនេះ ក៏គ្មានទស្សនិកជនបានទះដៃឈរអបអរសាទរឡើយ។ ការសម្តែងដ៏មានពុតត្បុតដដែលៗរបស់ សម រង្ស៊ី បានបន្សល់ជាមេរៀនឱ្យគេកាន់តែស្គាល់នូវនយោបាយបោកប្រាស់ និងអំពើប្រជាភិថុតិរបស់គាត់តែប៉ុណ្ណោះ។

នេះជាពេលវេលាដែលមនុស្សមួយចំនួនដែលធ្លាប់តែលង់ជឿលើ សម រង្ស៊ី ត្រូវពិចារណា និងប្រញាប់ដកខ្លួនចេញពីរង្វង់នយោបាយបោកប្រាស់របស់ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ។ មាគ៌ាពិតប្រាកដក្នុងការជួយសង្គមជាតិ មិនមែនតាមរយៈសម្តីនិយាយហែកហួរអំពីជាតិខ្មែរខ្លួនឯង, មិនមែនជាសម្តីរើសអើងពូជសាសន៍ ដែលធ្វើឱ្យគេកាន់តែស្អប់, មិនមែនជាការញុះញង់ឱ្យខ្មែរ និងខ្មែរកាប់ចាក់សម្លាប់គ្នា និងមិនមែនជាសម្តីចង់បង្កប្រទេសជាតិខ្មែរដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីវិញឡើយ។

ប្រទេសកម្ពុជា បានផ្លាស់ប្តូររួចមកហើយ ពីសង្គ្រាមមកកាន់សន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាពពិតប្រាកដរយៈពេល ២៦ឆ្នាំរួចមកហើយ និងកំពុងតែធ្វើដំណើរតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់ជាបន្តបន្ទាប់។

ប្រជាពលរដ្ឋខ្មែរ មានសន្តិភាពហើយ, មានការអភិវឌ្ឍ និងឯកភាពជាតិហើយ, ប្រជាពលរដ្ឋខ្មែរ បានឃើញនូវលំហប្រជាធិបតេយ្យដ៏ពិតប្រាកដក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងប្រជាពលរដ្ឋ មិនជ្រើសយកមាគ៌ាបង្កការបែកបាក់គ្នា ឬបង្កើតសង្គ្រាមសាជាថ្មីវិញនោះទេ។ ដូចសម្តីរបស់លោក សម សេរី ដែលនិយាយប្រាប់ Fresh News ថា ប្រសិនបើកម្ពុជាត្រូវមានជម្លោះម្តងទៀត វាមិនផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែវាគ្រាន់តែបើកទ្វារឱ្យមានការកេងប្រវ័ញ្ចពីបរទេស និងការរងទុក្ខវេទនារបស់ជនស្លូតត្រង់ខ្មែរតែប៉ុណ្ណោះ៖

«ខ្ញុំសុំឱ្យបងប្អូនខ្មែរមើលឃើញពីសេចក្តីសុខសន្តិភាពរបស់ប្រទេសជាសំខាន់សម្រាប់ការវិវត្តន៍តទៅមុខទៀត។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួបរួមគ្នាគោរពតាមច្បាប់ គោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគេបើកលំហប្រជាធិបតេយ្យសេរីពហុបក្សមកវិញ។ អញ្ចឹងដើម្បីយើងចង់ជួយប្រទេសជាតិ យើងត្រូវធ្វើតាមច្បាប់របស់ទេសកម្ពុជា ជៀសវាងនូវការចូលរួមជាមួយចលនាខុសច្បាប់ផ្សេងៗ ដែលវាគ្មានប្រយោជន៍ដល់ប្រទេសជាតិ ហើយវាជាការបំផ្លាញដល់ប្រទេសជាតិទៅវិញ។ បើខ្មែរយើងបែកបាក់កើតសង្គ្រាម…ផលប្រយោជន៍មិនមែនបានមកខ្មែរនោះទេ អញ្ចឹងត្រង់ចំណុចនេះ សុំឲ្យបងប្អូនគិតពិចារណា ឱ្យបងប្អូនទៅចូលចលនាដែលខុសច្បាប់ មិនមានប្រយោជន៍អ្វីនោះទេ គឺមានតែការខាតបង់សម្រាប់ប្រទេសជាតិ»

វាដល់ពេលវេលាដែល សម រង្ស៊ី ដើរចេញពីឆាកនយោបាយរបស់គាត់ហើយ។ សម រង្ស៊ី ពេលនេះ គ្មានដើមទុនខាងនយោបាយគ្មានភាពស្របច្បាប់ និងក៏គ្មានទម្ងន់សីលធម៌ថែមទៀត។ សាររបស់ទណ្ឌិត សម រង្ស៊ី ដែលចង់អុជអាលបញ្ឆេះសង្គ្រាមក្នុងប្រទេស មិនអាចដុតប្រទេសខ្មែរឱ្យធ្លាក់ចូលក្នុងសង្គ្រាមដូចពីជំនាន់រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០បានទៀតឡើយ។ ប្រទេសកម្ពុជាត្រូវការរដ្ឋបុរសពិតប្រាកដ មិនមែនមនុស្សញុះញង់បង្កចលាចលនយោបាយឡើយ។ សម រង្ស៊ី អ្នកគ្រាន់តែជាមនុស្សម្នាក់ ដែលគេប្រៀបប្រដូចជាសត្វចម្លែក ដែលបង្កើតតែក្លិនស្អុយនៃភាពអាម៉ាស់ដល់ប្រទេសជាតិតែប៉ុណ្ណោះ៕