(បាត់ដំបង)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពស្ពានថ្មចាស់ ឆ្លងកាត់​ស្ទឹងសង្កែ តភ្ជាប់ពីផ្លូវក្រុងលេខ១ ទៅវិថីសម្ដេចក្រឡាហោម ដែលមានទីតាំងស្ថិតនៅខាងមុខអគារចាស់សាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងការចុះពិនិត្យនេះក៏មានការអមដំណើរដោយលោកអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងមន្រ្តីបច្ចេកទេសជំនាញពាក់ព័ន្ធ ព្រមទាំងមានការចូលរួមផងដែរពី លោកអភិបាលរងខេត្តបាត់ដំបង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។

ការចុះពិនិត្យស្ថានភាពស្ពានថ្មចាស់នេះ ធ្វើឡើងតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណងសិក្សាពីស្ថានភាព និងគុណភាពស្ពានជាក់ស្ដែងក្នុងន័យទទួលបានទិន្នន័យលម្អិតផ្នែកបច្ចេកទេស ដើម្បីស្វែងរកវិធីសាស្ត្រពង្រឹងគុណភាព និងលទ្ធភាពទ្រទ្រង់របស់ស្ពាន ដែលអាចបន្តការប្រើប្រាស់បានជាប្រយោជន៍សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋថ្មើរជើងឆ្លងកាត់ និងការដើរហាត់ប្រាណផងដែរ។

សូមជម្រាបជូនផងដែរថា ស្ពាននេះត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩១៦ នាសម័យអាណានិគមនិយមបារាំង កន្លងមកដោយពិនិត្យឃើញស្ថានភាពចាស់ទ្រុឌទ្រោម និងផ្ទៃបេតុងមានស្នាមប្រេះស្រាំ​នៃស្ពានថ្មចាស់នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទការប្រើប្រាស់លែងឱ្យរថយន្ត ឬទោចក្រយានយន្ត និងថ្មើរជើងដើរឆ្លងកាត់ដោយខ្លាចមានគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕