(សៀមរាប)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបុរសម្នាក់ ដែលប្រើប្រាស់អំពើហិង្សាលើស្ដ្រីអ្នកសុំទានសរសៃខ្ចី និងជេរប្រមាថ រួចយកវីដេអូនៃការធ្វើសកម្មភាពបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់ឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន មានទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។

បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្នើសុំកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការជាមួយធ្វើការស្រាវជ្រាវរហូតដល់នាំខ្លួនជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo) យកមកធ្វើការសាកសួរ ជុំវិញករណីរឿងហេតុខាងលើ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡេ ថារ៉ូ អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo) មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះខាងលើ និងបានជេរប្រមាថពិតប្រាកដមែន។ ដោយនៅវេលាម៉ោង១៖៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ រូបខ្លួនបានទៅអង្គុយហូបហ្វឺ នៅជាប់នឹងម៉ាត 7 ELEVEN ជិតpub street ក្នុងក្រុងសៀមរាប ពេលនោះរូបខ្លួនបានឃើញស្រ្តីអ្នកសុំទានម្នាក់ និងមានកូនតូចកំពុងអង្គុយមុខម៉ាត 7 ELEVEN ដើម្បីសុំប្រាក់ពីភ្ញៀវ។

ភ្លាមនោះរូបខ្លួនបានដើរទៅនិយាយណែនាំ និងឲ្យស្ត្រីសុំទានរូបនោះចេញពីមុខម៉ាត ប៉ុន្តែស្រ្តីសុំទានរូបនោះមិនព្រមស្តាប់ រូបខ្លួនខឹងក៏បានយកទូរសព្ទដៃរបស់ខ្លួនថតវីដេអូ និងបានធ្វើសកម្មភាព វាយទៅលើស្ត្រីសុំទានរូបនោះ ចំនួន២ដៃ ចំថ្ពាល់ខាងឆ្វេង និងបានជេរប្រមាថទៅលើស្រ្តីសុំទានថែមទៀតផង បន្ទាប់មកស្រ្តីសុំទានរូបនោះបានគេចចេញបាត់ រូបខ្លួនក៏បានយកវីដេអូសកម្មភាពខាងលើ មកបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Ro BiTo តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចំណាត់ការតាមនីតិវិធី៕