(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ក្រោយទទួលបានអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចដល់រូបលោកដឹកនាំអង្គភាពនាយកដ្ឋាននគរបាលការពារ។

ដើម្បីជាការតបស្នង និងជាសក្ខីភាពចំពោះមុខនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ប្តេជ្ញាចិត្តយ៉ាងមុតមាំដូចខាងក្រោម៖

*ទី១៖ ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី

*ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ និងខិតខំចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

*ទី៣៖ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ច្បាប់ បទបញ្ញត្តិ បទបញ្ជា បទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា និងគោលការណ៍នានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ

*ទី៤៖ ប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ដើម្បីបម្រើអង្គភាពឲ្យបានល្អ និងខិតខំរៀនសូត្រអភិវឌ្ឍន៍ខ្លួនឯងជាបន្តបន្ទាប់ ដើម្បីមានសមត្ថភាព ឆ្លើយតបទៅនឹងតម្រូវការការងារ

*ទី៥៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណង សាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខ រួមទុក្ខជាមួយមន្ត្រី គ្រប់កាលៈទេសៈ។ ទន្ទឹមនោះ បន្តខិតខំលើកកម្ពស់គុណ ភាពមន្ដ្រី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌ វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ

*ទី៦៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះនាយកដ្ឋាន ឲ្យមានការរីកចម្រើនរឹងមាំ ដើម្បីសម្រេចតាមតួនាទីភារកិច្ចដែលបានកំណត់

*ទី៧៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីការពារខឿនសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕