(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) រួមជាមួយសហគមន៍អេកូទេសចរណ៍ជីផាត បានប្រកាសដាក់ចេញនូវយុទ្ធនាការ «ជីផាតគ្មានប្លាស្ទិក» ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅជីផាត ខេត្តកោះកុង ស្របទៅតាមគោលដៅថ្នាក់ជាតិក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍និរន្តរភាព និងស្របទៅតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលផ្ដួចផ្ដើមសម្រាប់យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម និងគាំទ្រគំនិតផ្តួចផ្តើមបង្កើតឱ្យមាននូវយុទ្ធនាការគ្មានប្លាស្ទិកនេះឡើង នៅសហគមន៍អេកូទេសចរណ៍ជីផាត។

កញ្ញា ស៊ូវណ្ណា បានឱ្យដឹងថា សំរាមសំណល់ប្លាស្ទិកនៅក្នុងសហគមន៍ទេសចរណ៍ជីផាតមានដូចជា ដបទឹក ប្រអប់ស្នោបាយ ជាដើមនេះ បានរាយប៉ាយនៅលើផ្ទៃដីប្រមាណ២០០ហិកតា ដែលទាមទារឱ្យមានការប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងការហូរចូលក្នុងប្រភពទឹក និងប៉ះពាល់ទៅដល់វិស័យអេកូទេសចរណ៍។
 
កញ្ញា ស៊ូវណ្ណា បានថ្លែងថា ការបំពុលដោយសំណល់ប្លាស្ទិកដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ កំពុងបង្កនូវការគំរាមកំហែងយ៉ាងធ្ថន់ធ្ងរចំពោះប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់តំបន់អេកូទេសចរណ៍សហគមន៍ជីផាត ដែលជាតំបន់ទេសចរណ៍មានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ទៅលើគំរូដ៏ជោគជ័យនៃវិស័យអេកូទេសចរណ៍ធម្មជាតិសហគមន៍របស់ខ្លួន។ សំណល់ប្លាស្ទិកបង្កឱ្យស្ទះប្រព័ន្ធបង្ហូរទឹក និងផ្លូវទឹក បង្កគ្រោះថ្នាក់ទៅដល់សត្វ ជាពិសេស សំណល់ប្លាស្ទិកត្រូវការពេលរាប់រយឆ្នាំដើម្បីរំលាយ។ 

«អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានជំនឿចិត្ត និងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋនៅជីផាត ក៏ដូចជាសហគមន៍អេកូទេសចរណ៍ក្នុងយុទ្ធនាការ គ្មានប្លាស្ទិក ខណៈយុទ្ធនាការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានឱ្យបានស្អាត និងមានសុខភាពល្អ»។ នេះជាការលើកឡើងបន្ថែមរបស់កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត។

បើតាមលោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានថ្លែងថា សហគមន៍អេកូទេសចរណ៍ ជីផាត ជាគំរូទេសចរណ៍ និរន្តរភាពមួយនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាបរិស្ថានដោយសារការបោះចោលសំរាមគ្មានការគ្រប់គ្រងបានត្រឹមត្រូវ ជាពិសេសដប និងថង់ប្លាស្ទិក។ បញ្ហានេះកើតចេញមកពីសកម្មភាពរស់ នៅប្រចាំថ្ងៃ និងការយល់ដឹងនៅមានកម្រិតរបស់សហគមន៍។ បញ្ហាប្លាស្ទិកបង្កឱ្យប៉ះពាល់ដល់សោភណភាពតំបន់ទេសចរណ៍ធម្មជាតិ គំរាមកំហែងដល់ជីវៈចម្រុះ និងសុខភាពរបស់សហគមន៍ ក៏ដូចជាប៉ះពាល់ដល់បទពិសោធរបស់ភ្ញៀវទេសចរ។ ប្រសិនមិនមានដំណោះស្រាយឱ្យបានត្រឹមត្រូវនោះទេ បញ្ហានេះនឹងប៉ះពាល់កេរ្តិ៍ឈ្មោះសហគមន៍អេកូទេសចរណ៍ជីផាត ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងប៉ះពាល់ដល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចរយៈពេលវែងរបស់សហគមន៍ទាំងមូល។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បង្កើតឡើងដោយកញ្ញាបណ្ឌិត Suwanna Gauntlett ក្នុងគោលបំណងចុះការពារព្រៃឈើនិងសត្វព្រៃ ដោយផ្ទាល់ តាមរយៈកម្មវិធីអភិរក្សបែបជឿនលឿន។ អង្គការនេះផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តារដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការរកបាននូវដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណី រួមទាំងការជួញដូរសត្វព្រៃ ការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីព្រៃពីសហគមន៍មូលដ្ឋាន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាអង្គការឈានមុខគេក្នុងការដឹកនាំសកម្មភាពផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍។

គួរឱ្យដឹងថា ក្រសួងបរិស្ថានបានអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥បានទទួលលទ្ធដូចខាងក្រោម៖

*ចំនួនខ្សែផ្លូវបានសម្អាត៖ ៤០ខ្សៃ នៃចំនួនខ្សែផ្លូវសរុប ៦៧ខ្សែ (៦០%)
*ប្រវែងខ្សែផ្លូវបានសម្អាត៖ ១៨៣១,៦២ គ.ម. នៃប្រវែងផ្លូវសរុប ៦៣០៩,២១ គ.ម (២៩%)
*ចំនួនឃុំ/សង្កាត់បានចូលរួម៖ ៣៤៥ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ៩៤១ (៣៧%)
*ចំនួនអ្នកចូលរួម៖ ១៤៤ ៣៨០នាក់
*សំរាម សំណល់ប្លាស្ទិកប្រមូលបាន៖ ៣៦៦តោន៕