(ក្រចេះ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ។
ការអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋខាងលើនេះ ឆ្លៀតក្នុងឱកាសដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឆ្ពោះទៅបំពេញបេសកកម្មទៅកាន់ខេត្ដស្ទឹងត្រែង។
ក្នុងឱកាសលោកសាស្ដ្រាចារ្យបានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពក្បាលដំរី លោកបានរកឃើញនូវចំណុចខ្វះចន្លោះមួយចំនួនក្នុងពេលបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ហើយលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានធ្វើការលម្អជាក់ស្ដែង ផ្ទាល់នឹងកន្លែងតែម្ដង ដើម្បីធ្វើយ៉ាងម៉េច ឱ្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋតទៅមុខទៀត កាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនោះដែរលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានណែនាំដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពខាងលើនេះ ត្រូវបង្កើននូវសមត្ថភាព ចំណេះជំនាញបច្ចេកទេស លើសពីនោះគឺឥរិយាបថបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរលោកសាស្ដ្រចារ្យរដ្ឋមន្ដ្រី បានស្នើដល់មណ្ឌលសុខភាពក្បាលដំរី ក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ដែលជាមូលដ្ឋានផ្ដល់សេវាសុខភាពបឋម និងជួរមុខ ជូនប្រជាពលរដ្ឋ ត្រូវតែបំពេញការងារប្រកបដោយភាពទំនួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ឱ្យស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយរបស់ថ្នាក់ដឹកនាំ។
ជាមួយគ្នានេះដែរ ខណៈដែលលោកសាស្ដ្រាចារ្យរដ្ឋមន្រី្ដ បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពក្បាលដំរី បានឃើញថាមន្ដ្រីបុគ្គលិកមានការប្រចាំការជាប់ និងមានចំនួនសមស្រប នៅក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទោះជាមណ្ឌលសុខភាពនេះ ទើបត្រូវបានសាងសង់ជាថ្មីរួចរាល់ក៏ដោយ។
ការអញ្ជើញចុះទៅពិនិត្យមណ្ឌលសុខភាពខាងលើនេះដែរ គឺបានធ្វើឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅក្នុងមណ្ឌលក្បាលដំរី មានភាពរំភើបរំជួលចិត្ដរហូតដល់ស្រក់ទឹកភ្នែក ដែលមានឱកាសបានជួបផ្ទាល់ជាមួយលោកសាស្ដ្រាចារ្យរដ្ឋមន្រ្ដី ចុះមកពង្រឹងសេវាបម្រើប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្លួន ពិសេសបានទទួលការណែនាំអំពីបញ្ហាសុខភាពរបស់គ្រួសារខ្លួនយ៉ាងច្បាស់លាស់ ក្បោះក្បាយ ពីស្ថានភាពជំងឺ និងការព្យាបាល ប្រកបដោយភាពកក់ក្ដៅជាខ្លាំង។
សូមជម្រាបថាក្នុងឱកាសលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះស្វែងយល់ពីការបម្រើការងារ ក៏ដូចជាការសួរសុខទុក្ខមន្ដ្រីបុគ្គលិក និងប្រជាពលរដ្ឋមកទទួលសេវាពិនិត្យសុខភាពខាងលើនេះ លោកសាស្ដ្រាចារ្យបានចូលពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ៕