(ប៉េកាំង)៖ សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានចាត់ទុក គម្រោងធ្វើសមយុទ្ធយោធា រវាងកម្ពុជានិងចិន នាពេលខាងមុខនេះ បង្ហាញពីការទូតសន្តិភាព និងពង្រឹងសមត្ថភាពកងទ័ព រវាងប្រទេសទាំងពីរ ដែលតែងតែមានភក្តីភាព។ ការលើកឡើងនេះ ធ្វើឡើង ក្នុងពេលដែលកងទ័ពកម្ពុជា និងចិន គ្រោងធ្វើសមយុទ្ធ «នាគមាស ២០២៥» រួមគ្នា រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២៨ ខែឧសភា ខាងមុខ ក្រោមប្រធានបទ ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»

ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ ជឿជាក់ថា សច្ចភាពសមយុទ្ធ រវាងកម្ពុជានិងចិន មិនគ្រាន់តែជាការ បង្ហាញពីការទូតសន្តិភាព រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការធ្វើទំនើបកម្មវិស័យការពារជាតិ ក្នុងការពង្រឹងសមត្ថភាពកងទ័ព រវាងប្រទេសទាំងពីរ ដែលតែងមានភក្តីភាព គាំទ្រដល់បុព្វហេតុរួម របស់មនុស្សជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ពង្រឹងសណ្តាប់ធ្នាប់សកល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពហុភាគីនិយម ស្របតាមខ្លឹមសារ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្រមច្បាប់អន្តរជាតិនានា ដែលធានា ការពារអធិបតេយ្យភាព បូរណភាព និងសមភាពសកល។

«ជាក់ស្តែង ក្នុងឆ្នាំ២០២៥នេះ កងទ័ពប្រទេសយើងទាំងពីរ នឹងរួមគ្នារៀបចំលំហាត់យោធា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម រួមគ្នា និង ការងារសង្គ្រោះមនុស្សធម៌»។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅ មណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោកស្រី ម៉ាលី សុជាតា អះអាងថា សមយុទ្ធនេះ គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបង្កើនសមត្ថភាព ជំនាញ និងបទពិសោធន៍របស់ កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាចូលរួមចំណែកដល់បេសកកម្មរក្សាសន្តិភាព នៅក្រោមឆត្រអង្គការសហប្រជាជាតិផង។

កម្ពុជា និងចិន បានផ្តើមធ្វើលំហាត់យោធារួមគ្នាជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៦។ សមយុទ្ធយោធានាគមាស រវាងកម្ពុជា និងចិន ត្រូវគេសង្កេតឃើញមានទ្រង់ទ្រាយកាន់តែធំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ត្រីយោធាកម្ពុជា ធ្លាប់បានអះអាងថា សមយុទ្ធរវាងកម្ពុជា និងចិន មិនមែនជាការគំរាមកំហែង ដល់ប្រទេសណា ឬ បុគ្គលណាមួយឡើយ ពោល គឺជាសមយុទ្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ព និងដើម្បីពង្រឹងសមត្ថភាព កងទ័ពកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន