(ភ្នំពេញ)៖ នៅក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ សូមទស្សនាបទវិចារណកថារបស់ Fresh Exclusive ជុំវិញ បញ្ហានេះ

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា, រលកនៃស្មារតីប្រកបដោយមនុស្សធម៌ ក្នុងការរួបរួមជួយបរិច្ចាកពីសប្បុរសជន ដើម្បីជួយទ្រងទ្រង់កាកបាទក្រហមកម្ពុជា កំពុងតែមានសភាពកក្រើករញ្ជួយនៅទូទាំងប្រទេស។ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ទិវារំលឹកខួបនៅឆ្នាំនេះ កំពុងបង្ហាញជាសក្ខីកម្មនៃភាពធន់ ក្តីមេត្តា និងសន្តិភាពដ៏រឹងមាំរបស់កម្ពុជា ដែលសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្រ។

* ហេតុអ្វីបានជាពិភពលោកបង្កើតកាកបាទក្រហម?

ចលនាកាកបាទក្រហមអន្តរជាតិបានចាប់ផ្តើមនៅឆ្នាំ១៨៦៣ អនុវត្តតាមទស្សនៈវិស័យមនុស្សធម៌របស់អ្នកជំនួញជាតិស្វីសម្នាក់ឈ្មោះ Henry Dunant ។ ការបង្កើតកាកបាទក្រហម ត្រូវបានបំផុសគំនិតដោយផ្ទាល់ដោយបទពិសោធន៍របស់ Dunant នៅក្នុងពេលមានចម្បាំង Solferino ក្នុងប្រទេសអ៊ីតាលី ឆ្នាំ១៨៥៩ ជាកន្លែងដែលលោកបានឃើញនូវភាពសោកសៅដ៏គួរឱ្យរន្ធត់នៃសង្រ្គាម និងការរងទុក្ខទោសឈឺចាប់របស់ទាហានរងរបួស ដែលគេបានទុកចោលដោយគ្មានការថែទាំ។

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជនរងគ្រោះដោយសង្រ្គាម, ជួយជនរងគ្រោះចេញពីគ្រោះមហន្តរាយ និងវិបត្តិមនុស្សធម៌ផ្សេងៗ, គាំទ្រសហគមន៍ដែលងាយរងគ្រោះនៅកម្ពុជា, ការលើកកម្ពស់តម្លៃមនុស្សធម៌និងគោលការណ៍, ការធ្វើសកម្មភាពស្របតាមគោលការណ៍គ្រឹះទាំងប្រាំពីរ របស់កាកបាទក្រហម ដែលរួមមាន «មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព»។

កាកបាទក្រហមកម្ពុជា (CRC) ដែលមានអាយុ៧០ឆ្នាំរួចមកនេះ គឺជាស្ថាប័នដែលកើតឡើងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥៥។ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៦០ ហើយបានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) នៅក្នុងឆ្នាំដដែល ១៩៦០នោះផងទៀត។

ក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម, កាកបាទក្រហមរបស់កម្ពុជាបានបាត់បង់អស់ទាំងស្រុង។ របបខ្មែរក្រហម បានច្រានចោលបទដ្ឋានមនុស្សធម៌អន្តរជាតិ ហាមឃាត់ជំនួយខាងក្រៅ និងបណ្តេញអង្គការក្រៅរដ្ឋាភិបាលបរទេស រួមទាំងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC ផងដែរ។ ប៉ុន្តែកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានរស់រានសាឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។

បច្ចុប្បន្នកាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ដ៏ឈានមុខគេរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយស។

* ព្រះរាជកាយវិការ យកចិត្តទុកដាក់លើកាកបាទក្រហមកម្ពុជា

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបរិច្ចាគថវិកាសប្បុរសធម៌ ប្រោសព្រះរាជទាន ៥ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបរិច្ចាគថវិកាសប្បុរសធម៌ ប្រោសព្រះរាជទាន ៥ម៉ឺនដុល្លារ នៅថ្ងៃទី២២ ខែមេសា សរុប១០ម៉ឺនដុល្លារ ដើម្បីជួយទ្រទ្រង់ដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ព្រះរាជកាយវិការដ៏ថ្លៃថ្លា អមដោយព្រះរាជសារ បានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ដោយក្តីដឹងគុណយ៉ាងស្មោះស្ម័គ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយលិខិតមួយថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ដោយភាពប្តេជ្ញាសន្យាថា «នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»

* ប្រជាជាតិខ្មែរ បង្ហាញភាពរួបរួមគ្នាតាមការជួយបរិច្ចាកថវិកាដល់កាកបាទក្រហម

ពិធីរំលឹកខួបក្នុងឆ្នាំ២០២៥នេះ បានឆ្លុះបញ្ចាំងនូវភាពប្រមូលផ្តុំគ្នាយ៉ាងវិសេសវិសាលនៃក្រុមសប្បុរសនានា។ រាប់ចាប់តាំងពីពលរដ្ឋសាមញ្ញធម្មតា រហូតដល់អ្នកមានស្តុកស្តម្ភ ដូចជា ថ្នាក់ឧកញ៉ា, អ្នកឧកញ៉ា និងលោកអ្នកឧញ៉ា, មន្ត្រីរាជការ, ក្រុមហ៊ុន, សហគ្រាសនានា និងសប្បុរសជនពីក្រៅស្រុក បានរួមគ្នាបរិច្ចាកថវិកានិងទ្រព្យធនផ្ទាល់ខ្លួនដើម្បីការជួយទ្រទ្រង់កាកបាទក្រហម។

អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍សម្តែងក្តីរីករាយក្នុងការកត់សម្គាល់ឃើញមានពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចូលរួមបរិច្ចាគថវិកា និងទង្វើសប្បុរសធម៌នេះ ត្រូវបានផ្សាយយ៉ាងទូលំទូលាយតាមរយៈ បណ្តាញព័ត៌មាន Fresh News៖ «នាងខ្ញុំ តែងតែតាមដានអំពីព័ត៌មានជានិច្ច។ សុំសរសើរមួយទៀត គឺអំពីរឿងការផ្សាយ។ ឃើញសប្បុរសជន ពេលណាចូលប៉ុន្មានក៏ដោយក៏ឃើញ Fresh News ចេញមករហូតជាមួយនឹងប័ណ្ណថ្លែងអំណរគុណ។ គឺប្រតិកម្មការ ការផ្សព្វផ្សាយព័ត៌មានរបស់យើងនេះ គឺបានរហ័សទាន់ចិត្តមែនទែន…បានន័យថា នេះគឺជាការធ្វើឲ្យសាធារណ:ជនគឺដឹង ហើយសូម្បីតែការចូលតិចតួច ក៏មិនមែនចាំបាច់តាំងពី១០០ ឬមួយ២០០ ឡើងទៅទេ សូម្បីតែ ១០ដុល្លារ ២០ដុល្លារ អីក៏នេះជាទឹកចិត្តរបស់គាត់ យើងតែងតែផ្តល់ជូនផ្សាយទៅដល់សប្បុរសជនទាំងអស់»។

* តើកាកបាទក្រហមកម្ពុជា មានស្នាដៃអ្វីខ្លះទេដល់ពិភពលោក?

កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទាំងជាតិ និងអន្តរជាតិ។ ខណៈការផ្តោតសំខាន់របស់កាកបាទក្រហម ដែលតែងតែជួយដល់ប្រជាជនរបស់ខ្លួននៅក្នុងស្រុក តួយ៉ាងដូចជាអតីតកាលរបស់កម្ពុជា ដែលស្ថិតក្នុងពេលមានសង្រ្គាម, គ្រោះធម្មជាតិនិងវិបត្តិសុខភាពនោះ, កាកបាទក្រហមកម្ពុជា ក៏នៅបានរួមចំណែកជួយដល់ចលនាកាកបាទក្រហមអន្តរជាតិយ៉ាងទូលំទូលាយតាមមធ្យោបាយសំខាន់ៗគួរឱ្យកត់សម្គាល់។

កាកបាទក្រហមកម្ពុជា បានចូលរួមក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់អន្តរជាតិដោយការបញ្ជូនជំនួយ និងការបរិច្ចាគទៅប្រទេសដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធំៗដូចជារលកយក្សស៊ូណាមិក្នុងឆ្នាំ២០០៤, ការរញ្ជួយដីនៅប្រទេសនេប៉ាល់ ឆ្នាំ២០១៥ និងករណីផ្សេងៗជាច្រើនទៀត។ ថ្វីត្បិតតែកម្ពុជា ជាប្រទេសដ៏តូចក៏មែនពិត ប៉ុន្តែកាយវិការនៃសាមគ្គីភាពលើកស្ទួយស្មារតីកាកបាទក្រហមនៃ «មនុស្សជាតិតែមួយ» គឺកម្ពុជាមិនដែលមើលរំលងចោលឡើយ។

* ភាពរួមគ្នារបស់ប្រជាជាតិ គឺជាផ្លែផ្កានៃសន្តិភាពក្រោមមរតកនៃនយោបាយឈ្នះ-ឈ្នះ

ចលនាជាតិដ៏មានអានុភាពនេះ អាចកើតឡើងបានអាស្រ័យដោយកត្តាសុខសន្តិភាព ដែលបង្កើតឡើងដោយនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដែលកំពុងបន្តអនុវត្តដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សន្តិភាពដ៏ពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ នេះហើយ ដែលបានបង្កលក្ខណៈជួយជម្រុញដំណើរការ កាកបាទក្រហមកម្ពុជាធ្វើប្រតិបត្តិការរបស់ខ្លួន ដោយគ្មានការភ័យខ្លាចខុសគ្នាទាំងស្រុងពីអតីតកាលដែលមានសង្គ្រាម។ ផ្លែផ្កានៃសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ នេះហើយ ថែមទាំងបានផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ឱ្យផ្តោតទាំងស្រុងលើការអភិវឌ្ឍការអប់រំ សុខភាព និងការជួយអ្នកដទៃដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ក្រោមនយោបាយឈ្នះ-ឈ្នះ នេះហើយ កាកបាទក្រហមកម្ពុជា បានរីកចម្រើនបន្តិចម្តងៗ ក្លាយជាកម្លាំងបំរើមនុស្សធម៌ឈានមុខគេបង្អស់នៅក្នុងប្រទេស។

* ការកសាងភាពធន់ក្នុងការប្រឈមមុខនិងការប្រែប្រួលអាកាសធាតុ

ប្រធានបទនៃទិវាកាកបាទក្រហមពិភពលោកឆ្នាំនេះគឺ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់ កាកបាទក្រហមកម្ពុជា លើកិច្ចការត្រៀមជួយសង្គ្រោះ មិនត្រឹមតែភាពងាយរងគ្រោះរបស់កម្ពុជាចំពោះគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតួនាទីពាក់ព័ន្ធរបស់កាកបាទក្រហមកម្ពុជា នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងទៀត។ កាកបាទក្រហមកម្ពុជានាបច្ចុប្បន្ននេះ បានឈានមុខគេក្នុងការត្រៀមរៀបចំគ្រោះមហន្តរាយអាកាសធាតុ ការអប់រំសហគមន៍ និងការឆ្លើយតបគ្រាអាសន្ន ដោយធានាថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានទុកចោល នៅពេលមានគ្រោះមហន្តរាយកើតឡើងឡើយ។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន, ជាមួយដៃគូអន្តរជាតិ និងជាមួយប្រជាពលរដ្ឋខ្មែរខ្លួនឯង កាកបាទក្រហមកម្ពុជា កំពុងតែដាំគ្រាប់ពូជនៃសហគមន៍ដ៏ធន់និងរឹងមាំនៅទូទាំងព្រះរាជាណាចក្រ ចាប់ពីតំបន់ទំនាបភាគកណ្តាលរហូតដល់តំបន់ខ្ពង់រាបនៃភាគឦសានប្រទេស។

ក្នុងពេលដែលប្រទេសកម្ពុជា កំពុងបង្ហាញភាពរួបរួមគ្នាដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា វាក៏ជាការផ្ញើសារមួយទៅកាន់ពិភពលោកឱ្យបានឃើញជាប្រត្យក្សថាមានតែសន្តិភាពទេ ដែលអាចធ្វើឱ្យទង្វើមនុស្សធម៌ រួមទាំងកិច្ចប្រតិបត្តិការកាកបាទក្រហម អាចធ្វើដំណើរទៅមុខជួយដល់មនុស្សប្រឈមទូទៅបាន៕
កាកបាទក្រហមកម្ពុជា ក្រោមព្រះរាជកិច្ចយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ភាពរួមគ្នាគាំទ្រកាក បាទក្រហមកម្ពុជា បានក្លាយជាគំរូ នៃការរួបរួម និងសាមគ្គីគ្នាក្នុងការបម្រើប្រទេសជាតិ។