(ស្ទឹងត្រែង)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញចុះពិនិត្យសកម្មភាពនៃការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ដែលស្ថិតនៅភូមិកញ្ចាញគោក ឃុំស្រែកសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ការអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋខាងលើនេះ ឆ្លៀតក្នុងឱកាសដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី អញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាព្រឹកថ្ងៃទី២៥ ខែមេសានេះ។
ក្នុងឱកាសលោកសាស្ដ្រាចារ្យបានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពស្រែសំបូរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះទឹកចិត្ត និងការខិតខំប្រឹងប្រែង របស់មន្ត្រីបុគ្គលិក ទោះបីនៅបម្រើសេវាសុខាភិបាល នៅក្នុងតំបន់ទីដាច់ស្រយាលក្តី តែបានបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ ហើយប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដោយមិនទុក្ខឲ្យពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនណាមួយ មិនបានទទួលសេវាថែទាំ ព្យាបាល ពីមណ្ឌលសុខភាពឡើយ។
ត្បិតណាស់ថាមណ្ឌលសុខភាពខាងលើនេះនៅឆ្ងាយដាច់ស្រយាលក៏ដោយ ប៉ុន្តែប្រជាជននៅទីនេះបានមកទទួលសេវាសុខាភិបាល ប្រមាណ ៨ទៅ៩នាក់ក្នុងមួយថ្ងៃ ហើយ
ភាគច្រើនជាជំងឺទូទៅ។
ទោះបីជាការបម្រើសេវាសុខាភិបាលរបស់មន្ត្រីខ្លួន បានល្អប្រសើរក្តី តែលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីដ៏សកម្ម និងលះបង់រូបនេះ នៅតែផ្តល់អនុសាសន៍ណែនាំ និងជំរុញឲ្យមន្ត្រីបន្តទៅបណ្តុះបណ្តាលបន្ថែមទៀតពីថ្នាក់ខេត្ត-រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាការបម្រើប្រជាពលរដ្ឋនៅក្នុងភូមិស្រុកដ៏សែនឆ្ងាយមួយនេះ កាន់តែមានល្អប្រសើរជាបន្តបន្ទាប់ទៅមុខជានិច្ច។
ក្នុងឳកាសនោះដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានកោតសរសើរពីការសាមគ្គីគ្នារបស់មន្ត្រីបុគ្គលិក ចេះស្រលាញ់និងសហការគ្នាបានយ៉ាងល្អ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទោះបីមណ្ឌលសុខភាពខាងលើនេះ មានមន្ត្រីបុគ្គលិកមិនច្រើនដូចមណ្ឌលផ្សេងទៀត។
ការចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខបុគ្គលិកខាងលើនេះ បានឃើញមន្ត្រីបុគ្គលិក មានទឹកចិត្តត្រេកអរ និងរំភើបជាមួយការផ្តល់ភាពកក់ក្តៅ ពីថ្នាក់លើរបស់ខ្លួន ហើយបានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានបណ្តុះបណ្តាលមន្ត្រីបុគ្គលិកកន្លងមកតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដែលជាកត្តាជំរុញ និងលើកទឹកចិត្តមួយដ៏ធំ សម្រាប់ការឈានទៅអភិវឌ្ឍន៍ខ្លួន និងស្ថាប័នកាន់តែរឹងមាំ ដែលជាទីបង្អែកក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងឳកាសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី អញ្ជើញចុះទៅពិនិត្យមណ្ឌលសុខភាពខាងលើនេះដែរ លោកសាស្ដ្រាចារ្យបានចូលពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ។
គួររម្លឹកផងដែរថាលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចុះបេសកកម្មចំនួនពីរថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ ទៅកាន់ទឹកដីខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាព្រឹកថ្ងៃទី២៥ ខែមេសានេះ ។ ប៉ុន្តែនៅក្នុងដំណើរបេសកកម្មនេះ លោកបានចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលដំរី ខេត្តក្រចេះ និងមណ្ឌលសុខភាពខាងលើនេះ៕