(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីបានស្រាវជ្រាវ មកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋាន និងបានធ្វើការបង្ក្រាបករណី «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» នៅចំណុចផ្លូវវិថីឈ្នះៗ ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតក្រាមពណ៌សថ្លា ជាគ្រឿងញៀនចំនួន១កញ្ចប់ថង់ និងម៉ូតូម៉ាក Honda C125 ចំនួន១គ្រឿង។

ចំពោះមុខជនសង្ស័យខាងលើបានសារភាពថា គ្រឿងញៀន ដែលខ្លួនមានទុកសម្រាប់លក់ទៅឲ្យបក្ខពួកខ្លួននៅម្តុំជិតទួលសង្កែ។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបានបញ្ជូនមកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕