(ព្រះសីហនុ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម, នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការបង្កើតផែនការសកម្មភាពជាតិ ក្នុងការអនុវត្តលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០ (២០០៤)» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
សិក្ខាសាលានៅខេត្តព្រះសីហនុនេះ មានការចូលរួមប្រមាណ១០០នាក់ មកពីស្ថាប័នថ្នាក់ជាតិចំនួនជាង៣០ស្ថាប័ន, អង្គការ/ស្ថាប័នអន្តរជាតិ ចំនួន៩ស្ថាប័ន និងប្រទេសក្នុងតំបន់អាស៊ាន ចំនួន២ គឺប្រទេសថៃ និងប្រទេសឡាវ។
នៅក្នុងឱកាសបិទសិក្ខាសាលាជាតិនេះ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានមានមតិផ្តាំផ្ញើ សមាជិក សមាជិកានៃសិក្ខាសាលាទាំងអស់ ត្រូវបន្តការគាំទ្រផែនការសកម្មភាពជាតិក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត UNSCR 1540 នេះ ដើម្បីឈានទៅសម្រេចគោលបំណង ដែលកម្ពុជាចង់បានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ UNSCR 1540 (2004) ប្រកបដោយប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ បានសំណូមពរ ដល់បណ្ដាអង្គការ/ស្ថាប័នអន្តរជាតិ ជាពិសេសការិយាល័យ UNODA, គណៈកម្មាធិការ UNSCR 1540, មជ្ឈមណ្ឌលឧត្តមភាព EU CBRN CoE, EU P2P, កម្មវិធី EXBS របស់សហរដ្ឋអាមេរិក និងបណ្ដាដៃគូអន្តរជាតិនានា បន្តជួយកម្ពុជាឲ្យបានច្រើនទៀតលើគ្រប់វិស័យ ជាពិសេសវិស័យពាក់ព័ន្ធនឹងអាវុធមហាប្រល័យ (WMD) នេះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ផន ណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាស្ថាប័នដែលមានតំណាងចូលរួម ថ្នាក់ជាតិ និង អន្តរជាតិ ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី និងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឲ្យសិក្ខាសាលានេះដំណើការបានដោយរលូន និងជោគជ័យគួរជាទីមោទនៈ ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយបំផុត៕