(ភ្នំពេញ)៖ ភរិយាលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយកម្លាំងនគរបាលនារី នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានសួរសុខទុក្ខនារីម្នាក់ដែលរងគ្រោះ ដែលត្រូវជនល្មើសម្នាក់ធ្វើសកម្មភាពរំលោភមិនបានសម្រេច រួចវាយប្លន់ទ្រព្យសម្បត្តិ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្នុងឱកាសនោះ លោកស្រីភរិយាអភិបាលខណ្ឌកំបូល បាននាំយកថវិកា ចំនួន២០០ដុល្លារ និង១,៥០០,០០០រៀល ព្រមទាំងផ្លែឈេី១កន្ត្រក ជូនដល់នារីរងគ្រោះ ក្នុងពេលដែលនាងកំពុងជួបការខ្វះខាតផងដែរ។

ដោយឡែក នគរបាលនារីដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ផុន វណ្ណា អធិការរងនគរបាលខណ្ឌកំបូល ក្រោមការចាត់ចែងពីសំណាក់លោវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឧបត្ថមថវិកា ចំនួន៥០០,០០០រៀលសម្រាប់ព្យាបាល។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីសំណាក់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមជម្រាបជូនថា កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នារីម្នាក់ត្រូវបានជនសង្ស័យដឹកតាមម៉ូតូ១គ្រឿងទៅកាន់កន្លែងស្ងាត់ នៅចំណុចដីវាល ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ប្រឡះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់មកបានធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រេច ហើយជនសង្ស័យក៏បានរួចវាយបណ្ដាលឲ្យនារីរូបនោះរងរបួសធ្ងន់ប្លន់យកទូរស័ព្ទ និងលុយមួយចំនួនរួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ច ព្រមទាំងបញ្ជូនជនរងគ្រោះទៅសង្គ្រោះ៕