(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាប​វ​រ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យ​របស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន​របស់លោក​មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ ដែលនឹង​ចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។

លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចមហាបវរធិបតីថា ក្រុម​ហ៊ុន​លោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ លើសពីនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដេីម។ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពីសម្តេចបវរធិបតី អំពីវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគទុនបាន។

សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់​ក្រុម​ហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបង្ហាញនូវក្ដី​សោម​នស្ស​រីករាយចំពោះកិច្ចសហការរបស់ក្រុមហ៊ុនជាមួយ​ក្រុម​ហ៊ុន​ដៃគូក្នុងប្រទេសកម្ពុជា​ ក្នុង​ការវិនិយោគលេីវិស័យកសិកម្ម។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ក្រៅពីវិស័យដែល​ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍​វិនិយោគខាងលេី​ ក្រុមហ៊ុនក៏អាចពិចារណា​ និងសិក្សា​ វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ​ ដូចជា វិស័យកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, ​វិស័យ​ហិរញ្ញវត្ថុ​ និងវិស័យអប់រំ។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការ និងពង្រីកទីផ្សារជាមួយបណ្ដាប្រទេសក្នុងតំបន់​ និងពិភពលោក​ ជាពិសេស ការជំរុញការនាំចេញផលិតផលកម្ពុជា​ ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ផងដែរ។

សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក​ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសិក្សា​ និងស្វែងរកឱកាសវិនិយោគលេីវិស័យអាទិភាពនានា​បន្ថែមទៀត៕