(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ និងភូមិទូទាំងក្រុងសួង ចុះទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅស្ថានីយពិសោធន៍របស់វិទ្យាស្ថាន ស្ថិតនៅភូមិ៣២ ឃុំជីរោទិ៍២ និងឧទ្យានបេតិកភណ្ឌកៅស៊ូ «តេជោ ធិបតី» ចំការកៅស៊ូជប់ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី លោក វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្សប្រជាជន និងផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។ ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន ហើយនឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងសួង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឲ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ និងត្រូវប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗ ឲ្យបានទាន់ពេលវេលា។

លោកបន្ដថា «យើងមានឱកាសបម្រើរាស្ត្រ ព្រោះប្រទេសយើងមានសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានពេលវេលាជួបជុំ និងគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ»

បើតាមលោក វង សូត, ដោយសារកត្តាសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំ យ៉ាងសប្បាយរីករាយ និងច្រើនកុះករស្ទើរគ្រប់តំបន់នៅទូទាំប្រទេសកម្ពុជា។ លោក វង សូត ព្រមទាំងតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកា២០០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀលផងដែរ។

បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ទូទាំងក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ រួចមកលោក វង សូត អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងទីប្រឹក្សា ជំនួយការ បានអញ្ជើញចុះទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅស្ថានីយពិសោធន៍របស់វិទ្យាស្ថាន ស្ថិតនៅភូមិ៣២ ឃុំជីរោទិ៍២ និងឧទ្យានបេតិកភណ្ឌកៅស៊ូ «តេជោ ធិបតី» ចំការកៅស៊ូជប់ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕