(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំនួន៧នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីម៉ោង១១យប់ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានពលកររងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ដោយសារបានបង់លុយរៀនហើយ តែមិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានក្លែង ឯកសារទៀតផង ដូចជាសញ្ញាបត្រទី១២ជាដើម។
ពលកររងគ្រោះមានគ្នាជាង៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលក្នុងម្នាក់ៗ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល៧ខែហើយ នៅតែមិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត។
ការតវ៉ា និងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ តែមិនត្រូវគ្នា រហូតអាជ្ញាធរដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតែម្តង។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ការបន្ត។
មនុស្សទាំង៧នាក់ រួមមាន៖
*ទី១៖ ឈ្មោះ គុជ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន
*ទី២៖ ឈ្មោះ គុជ ពិសី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនាយកប្រតិបត្តិសាលា មានទីលំនៅផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ
*ទី៣៖ ឈ្មោះ រាជ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខE22 សង្កាត់ព្រៃស ខណ្ឌដង្កោ
*ទី៤៖ ឈ្មោះ ទូច សុភក្រ័ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះE0 ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ
*ទី៥៖ ឈ្មោះ យឹម សុបុត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ
*ទី៦៖ ឈ្មោះ ស្រូច ឈឿយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅ ផ្ទះជួ២១ ផ្លូវបេតុង សង្កាត់ឬស្សីកែវ
*ទី៧៖ ឈ្មោះ សេង ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅផ្ទះជូល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
សម្ភារដែលដកហូតរួមមាន៖ សញ្ញាបត្រទុតិយភូមិក្លែងក្លាយចំនួន០៣ច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕