(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គោលការណ៍ទាំងឡាយដែលសម្តេចតេជោ និងសម្តេច បានដាក់ចេញ មានគោលដៅតែមួយគត់ គឺផ្តល់ឱកាសការងារកាន់តែប្រសើរជូនដល់កម្មករ និយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា បានក្លាយទៅជាបុណ្យការងាររបស់ជាតិ ដែលរាជរដ្ឋាភិបាលតែងតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនា លើកកម្ពស់សិទ្ធិ, សេរីភាព, អត្ថប្រយោជន៍ និង សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែចេញសារាចរណែនាំ និង សារលិខិតអបអរសាទរក្នុង ឱកាសខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ សហជីព និង រោងចក្រសហគ្រាស ក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយ ពិធីជប់លៀង រាំកម្សាន្ត រៀបចំដំណើរទេសចរណ៍សម្រាកលំហែ និង កម្មវិធីផ្សេងៗ ជូនកម្មករនិយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និង កំណើនប្រកបដោយចីរភាព និង ភាពធន់» ពិតជាបានឆ្លុះបញ្ចាំងនូវចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល ក្នុង ការអភិវឌ្ឍវិស័យការងារ ស្របទៅនឹងឯកសារគោលនយោបាយជាតិនានា របស់រាជរដ្ឋាភិបាលដែលគ្រប់ភាគីពាក់ព័ន្ធ, ជាពិសេសកម្មករនិយោជិត និង និយោជកចូលរួមអនុវត្ត ដើម្បីបង្កើត បាននូវវប្បធម៌អនុលោមភាពតាមច្បាប់, សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និង ការទទួល ខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទនេះ ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ សម្រេចឱ្យបាននូវមហិច្ឆតា សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានឱកាសស្មើៗគ្នា មានការងារសមរម្យ ដែលមានលក្ខខណ្ឌការងារល្អ, ប្រាក់ឈ្នួលសមរម្យ, ទំនាក់ទំនងវិជ្ជាជីវៈល្អ ព្រមទាំងមានប្រព័ន្ធសន្តិសុខសង្គម ដែលកាន់តែរឹងមាំ សម្រាប់កម្មករនិយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២៧ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួនប្រមាណ ១៥ម៉ឺនកន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ចំនួនរោចក្រសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤៤,៧៩៨ ដល់ចំនួន ៤៥,២៥៥សហគ្រាស ហើយចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួនប្រមាណ ១,៨១ លាននាក់ ដល់ចំនួន ១,៨៥លាននាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនការងារនៅកម្ពុជា មានមែនជាតួលេខខ្យល់នោះទេ គឺមានការកើនឡើងជាក់ស្តែង។ សម្រាប់អ្នកមើលតាមលំហអាកាស គឺមើលអត់ឃើញទេ បើចង់ឃើញ សូមអញ្ជើញមកមើលផ្ទាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបច្ចុប្បន្ន មិនមែនផលិតតែសម្លៀកបំពាក់ ឬស្បែកជើងនោះទេ គឺមានទាំងគ្រឿងបង្គុំអគ្គិសនី និងរថយន្តថែមទៀតផង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធ្វើធំមិនងាយស្រួលទេ រាប់ទាំងការហូបចុកឡើងឡើង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាព ដែលកូនខ្មែរមានសមត្ថភាពរហូតអាចផលិតបានរថយន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការងារប្រកបដោយគុណភាព រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ទាំងសុខភាព ទាំងជំនាញ គិតទាំងមាតា និងកូន គិតទាំងប្រជាពលរដ្ឋ ដោយពង្រាយរោងចក្រទៅតាមខេត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកខ្លះបន្ទោសរាជរដ្ឋាភិបាលរឿងពលរដ្ឋចំណាកស្រុក។ នៅអាស៊ាន គ្រប់ប្រទេសបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនខ្វល់នឹងរឿងគេមើលងាយសម្តេចនោះទេ តែអ្វីដែលសម្តេចខ្វល់ គឺកៀគរការវិនិយោគឱ្យបានច្រើន ដើម្បីពលរដ្ឋមានការងារធ្វើ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរលោក ហេង សួរ ប្រឹងប្រែងពុះពារសម្រេចការងារទាំង១០ចំណុចរបស់សម្តេចជាជំហាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្ពុជាជួបការលំបាកព្រោះវិបត្តិកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចសកលយ៉ាងណាក្តី ក៏កម្ពុជាដំឡើងប្រាក់ឈ្នួលជូនកម្មកររាល់ឆ្នាំ។ នេះជាសុឆន្ទៈរបស់រាជរដ្ឋាភិបាល ទោះតិច ឬច្រើន ជាការគិតគូរ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល ១៩ខែ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបានចុះបញ្ជីសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)បន្ថែមបានប្រមាណ១,២លាននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. បានកើនដល់ជាង ៣លាននាក់, នៅ ត្រឹមខែមីនា ឆ្នាំ២០២៥នេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញនយោបាយផ្តល់បណ្ណ ប.ស.ស ជូនដល់សមាជិកគ្រួសារនៃសមាជិក ប.ស.ស ជាការខិតខំផ្តល់អត្ថប្រយោជន៍បន្ថែមដល់សមាជិកគ្រួសារកម្មករ និយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ បានចុះឈ្មោះសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាង ១១,៣ម៉ឺននាក់ និង សិស្សកំពុងសិក្សា និង បានបញ្ចប់ការសិក្សាមានប្រមាណជាង ៧,២ម៉ឺននាក់ ហើយអ្នក ទទួលបានការងារធ្វើបានចំនួន ១,៦ ម៉ឺននាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ជំរុញយុវជនក្នុងគ្រួសារក្រីក្រឱ្យបានទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលចំណាយថវិកា ៣៣០ពាន់លានរៀល ជូនកម្មការិនីដែលសម្រាលកូន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មការិនី ជាជនអាទិភាព ក្នុងការគិតគូររបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ សរុបចំនួន៦,៦០០។ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨១, សហជីពមូលដ្ឋានមានចំនួន ៦ ២៦៥, និងសមាគមនិយោជកមានចំនួន១២។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់សហជីពបំពេញការងារឱ្យស្របតាមច្បាប់វិជ្ជាជីវៈ ដើម្បីដោះស្រាយការងារជូនកម្មករ និយោជិតមានប្រសិទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយវិវាទរបស់កម្មករ និយោជិត ត្រូវឈរលើវិជ្ជាជីវៈ ហើយកុំយកបញ្ហាផ្សេងមកភ្ជាប់ គឺដោះស្រាយមិនចេញទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយោជក និងនិយោជិត ប្រៀបដូចប្តីប្រពន្ធ រាជរដ្ឋាភិបាលប្រៀបដូចអាណាព្យាបាល។ សម្តេចទទូចឱ្យរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីការចម្រើនលូតលាស់ក្នុងវិស័យការងារ និងការវិនិយោគ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើកម្ពុជាឃើញតែការធ្វើបាតុកម្ម អ្នកវិនិយោគមិនចង់មករកស៊ីនោះឡើយ។ តែបើវិស័យការងារសុខសាន្ត គឺនឹងមកវិនិយោគកាន់តែច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា សម្តេចនឹងលួចចុះទៅលេងនៅផ្លូវថ្មើរជើងតាមមាត់ទន្លេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពៃជ្រក់ ជាអាហារដែលសម្តេចចូលចិត្ត ហើយកាលរៀននៅអង់គ្លេសជំនាញធ្វើម្ហូប គឺអាំងសាច់មាន់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនថាសាច់គោ ឬស្ពៃនោះទេ សំខាន់បង្កើតបានជាម្ហូបសម្រាប់ប្រជាពលរដ្ឋខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារជាច្រើន បានប្រែពីវិជ្ជមាន ទៅជាអវិជ្ជមាន ព្រោះពលរដ្ឋទទួលព័ត៌មានមិនច្បាស់ ឬមិនគ្រប់ជ្រុងជ្រោយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តជំរុញ និងលើកទឹកចិត្តការប្រែក្លាយ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារតាមរយៈ ការពង្រឹងយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចអន្តរក្រសួង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេស ដាក់ឱ្យដំណើរការនូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងការកសាងសមត្ថភាពអ្នក ផ្សះផ្សារបស់ក្រសួង និងអាជ្ញាកណ្តាល ព្រមទាំងការធានានូវនិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាប្រសិទ្ធភាពនៃការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្ដេចតេជោ និងអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់តាមដាន និងវាយតម្លៃនូវសភាពការណ៍ និងការវិវត្តថ្មីៗក្នុងវិស័យការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ជា ពិសេសក្នុងដំណាក់កាលនៃស្ថានភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មពិភពលោក ដើម្បីធានាដល់ និរន្តរភាពមុខរបរនិងការងារ និងសន្តិសុខប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាដៃគូសង្គម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការវិជ្ជាជីវៈ ជាពិសេសអង្គការអន្តរជាតិខាងការងារ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការងារសមរម្យ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ (SDCF), កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), និងកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY)។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់រាជរដ្ឋាភិបាល ជាមួយបងប្អូនកម្មករ និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ ក្តាប់បាននូវសំណូមពរ និងដោះស្រាយជូនបងប្អូនកម្មករនិយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដោយមិនទុកបញ្ហាតូច ឱ្យរីករាលដាលទៅធំឡើយ ដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍ជូនទាំងនិយោជក និងបងប្អូន កម្មករនិយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បង្កើនកិច្ចសហការ និងកសាងទំនាក់ទំនងល្អ ជាមួយក្រសួងស្ថាប័ន វិស័យឯកជន អង្គការវិជ្ជាជីវៈ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងៗទៀត ដើម្បីរួមគ្នា សម្រេចឱ្យបាននូវទស្សនវិស័យនៃប្រធានបទរបស់យើងឆ្នាំនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តបន្តតាមដានក្ដាប់រាល់ការវិវត្តថ្មីៗ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព រាល់ករណ ឧបទ្ទវហេតុផ្សេងៗ ដូចជា ករណីអគ្គិភ័យ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗជា- យថាហេតុ ដើម្បីចាត់វិធានការជួយអន្តរាគមន៍បានទាន់ពេលវេលា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់
បន្តចូលរួមក្នុងយុទ្ធនាការ ក្នុងការប្រែក្លាយ «សហគ្រាសមួយ ជាសហគមន៍សុខ- សាន្ដមួយ» ឱ្យបានទូលំទូលាយដើម្បីបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ និងរក្សាឱ្យបាន
នូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ការអនុវត្តកិច្ចទំនួលខុសត្រូវរបស់
សហគ្រាស (CSR)។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់ ជំរុញការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅ កន្លែងធ្វើការ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសការងារ និងសុវត្ថិភាពធ្វើដំណើររបស់ កម្មករនិយោជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់ បន្តចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងរក្សាឱ្យបាន នូវវប្បធម៌អនុលោមភាពតាមច្បាប់ ដើម្បីធានាបាននូវភាពប្រកួតប្រជែង បង្កើនការទាក់ទាញទុន វិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់ បន្តចូលរួមកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារ ដើម្បីលើកកម្ពស់ផលិតភាព ការងារ និងបង្កើនសមត្ថភាពកម្មករនិយោជិតនៅនឹងកន្លែងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់ បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដោយបង្កើតនូវវប្បធម៌ដូចជាគ្រួសារតែមួយ ប្រកបដោយសុភមង្គលនៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាមេរិកដំឡើងពន្ធលើទំនិញលើកម្ពុជា ក៏ដូចជាប្រទេសលើពិភពលោក ជាបញ្ហានៃការធ្វើពាណិជ្ជកម្ម ជាពិសេសអាមេរិកមើលឃើញពីគម្លាតនៃទំហំពាណិជ្ជកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការខុសគ្នានៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មិនមែនកម្ពុជាជញ្ជក់ឈាមអាមេរិកនោះទេ ព្រោះកម្លាំងទិញរបស់កម្ពុជា តិចជាងអាមេរិក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ងឿងឆ្ងល់ខ្មែរប្រឆាំងបន្ទោសគ្រប់រឿង, កម្ពុជានាំចេញតិចជាងនាំចូល ក៏បន្ទោស នាំចេញច្រើនជាងនាំចូល ក៏បន្ទោស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ពន្ធរបស់អាមេរិក មកលើទំនិញរបស់កម្ពុជា មិនមែនជាកំហុសរបស់កម្ពុជានោះទេ តែជានយោបាយពាណិជ្ជកម្មរបស់អាមេរិក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រដូចការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងការធ្វើពាណិជ្ជកម្ម ទាំងការរកប្រភពថវិកាមកអភិវឌ្ឍន៍ប្រទេស ប្រៀបដូចជាឪពុកម្តាយ ប្រឹងប្រែងរកស៊ីដោយសុចរិត ដើម្បីចិញ្ចឹមកូនៗ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនយោបាយក្រៅប្រទេសចោទ បន្ទោសអ្វីតាមចិត្ត ប៉ុន្តែរាជរដ្ឋាភិបាលមានតួនាទី និងកាតព្វកិច្ចគិតគូរពីប្រយោជន៍របស់ពលរដ្ឋ របស់កម្មករ និយោជិត និងស្ថានភាពការងារនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ ក្រុមការងារចរចាជាមួយអាមេរិក មិនបានសម្រាកចូលឆ្នាំនោះទេ ពោលគឺប្រឹងប្រែងកិច្ចចរចាការពារផលប្រយោជន៍ផ្នែកពាណិជ្ជកម្មជាមួយអាមេរិក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីមិនដឹងរឿងពន្ធរបស់អាមេរិកនឹងវិវឌ្ឍន៍យ៉ាងណា? តែរាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍សម្រាប់កម្ពុជា ជាពិសេសធ្វើពិពិធកម្មពាណិជ្ជកម្មទៅកាន់ប្រទេសផ្សេងៗ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជម្នះបញ្ហាពាណិជ្ជកម្មនាពេលនេះ នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជិត២ឆ្នាំនេះ រាជរដ្ឋាភិបាលបានឆ្លងកាត់វិញ្ញាសារលំបាកៗច្រើនណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលស្រូវឡើងថ្លៃ គេផ្សាយរឿងអត់មានភ្ញៀវទេសចរណ៍ ពេលទេសចរណ៍មានកំណើន គេអត់ផ្សាយ គេផ្សាយរឿងស្រូវចុះថ្លៃ។ ចំណុចវិជ្ជមានរបស់រាជរដ្ឋាភិបាល គេមើលមិនឃើញនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្តីស្រឡាញ់ ការឱបថើប គ្មានបែងចែកតួនាទីយសស័ក្តិនោះឡើយ សូមកុំតែខាំតែច្រៀក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដាំ តែងតែស្រឡាញ់ដំណាំរបស់ខ្លួន។ តែអ្នកមិនដាំ គ្មានអារម្មណ៍ស្រឡាញ់ដំណាំរបស់ខ្លួននោះឡើយ។ សម្តេចចង់ប្រដូចសមិទ្ធផលមាននៅកម្ពុជា គឺជាផលកើតពីការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល ដូច្នេះរាជរដ្ឋាភិបាល នឹងប្រឹងប្រែងការពារសមិទ្ធផលទាំងនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមអ្នកនយោបាយបក្សប្រឆាំង ពេលបាន៥៥កៅអីនៅរដ្ឋសភា មានដែលបានទៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសដែរទេ? កិច្ចការជួយជាតិ មិនមែនជាតួនាទីផ្តាច់មុខរបស់រាជរដ្ឋាភិបាលនោះទេ។
* សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត បានថ្លែងលើកបង្ហាញបទពិសោធន៍ប្រទេសនានាថា ពេលមានបញ្ហាទាំងអ្នកនយោបាយដឹកនាំរាជរដ្ឋាភិបាល និងបក្សនយោបាយជំទាស់តែងតែរួមគ្នាដោះស្រាយបញ្ហារបស់ជាតិ។ ផ្ទុយពីកម្ពុជា អ្នកនយោបាយប្រឆាំងកេងចំណេញរកការចំណេញផ្នែកនយោបាយគ្រប់បញ្ហា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខួរក្បាលកូនខ្មែរមិនអន់នោះទេ គឺខ្វះតែឱកាសប៉ុណ្ណោះ។ ពេលខ្មែរមានសុខសន្តិភាព កូនខ្មែរមានឱកាសបង្កើនសមត្ថភាព និងឱកាសបង្កើតសមិទ្ធផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវរួមគ្នាការពារផ្ទះកុំឱ្យមានសង្គ្រាម ដើម្បីមានឱកាសបង្កើតសមិទ្ធផលថ្មីៗ។
* សម្តេចមហាបវរធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១១៖៤០នាទីនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕