(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខួរក្បាល និងសមត្ថភាពរបស់កូនខ្មែរមិនអន់នោះទេ ពោលគឺខ្វះតែឱកាសតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលប្រទេសពោរពេញទៅដោយសុខសន្តិភាព គឺជាឱកាសរបស់កូនខ្មែរអភិវឌ្ឍន៍ភាព និងបង្កើតសមិទ្ធផលផ្សេងៗ បន្ថែមទៀត។
ប្រសាសន៍បែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «មានអន់ប៉ុន្មានកូនខ្មែរ ខ្វះតែឱកាស, នៅពេលដែលមានឱកាសឈប់វាយគ្នា យើងបង្កើតឱកាសបន្ថែម កូនខ្មែរកាន់តែខ្លាំង»។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាឱកាស ដោយប្រៀបទៅនឹងការថែរក្សាឆ្នាំងបាយឲ្យអង្ករកាន់តែពេញ តាមរយៈការរក្សាសុខសន្តិភាពឲ្យបាន បើទោះជានៅក្នុងតម្លៃណាក៏ដោយ។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, បន្តិចទៀតប្រទេសកម្ពុជា នឹងនាំចេញរថយន្តដែលផលិតដោយកូនខ្មែរ (Made in Cambodia) ទៅកាន់ទីផ្សារបរទេស បន្ទាប់ពីធ្លាប់បានផលិតនាំចេញសម្លៀកបំពាក់ ម្ហូបអារហារ គ្រឿងកំប៉ុង គ្រឿងអេឡិចត្រូនិច បង្គុំអគ្គីសនី គ្រឿងអលង្ការជាដើម៕