(ភ្នំពេញ)៖ ក្រៅពីការផលិតសម្លៀកបំពាក់ ឬស្បែកជើង នៅពេលបច្ចុប្បន្ននេះសមត្ថភាពរបស់កូនខ្មែរ គឺមានការរីកចម្រើន ហើយឈានដល់ការអាចផលិតបាននូវគ្រឿងបង្គុំអគ្គិសនី និងរថយន្ដថែមទៀតផងដែរ។ ការរីកចម្រើននៃសមត្ថភាពរបស់កូនខ្មែរនៅពេលនេះ បានធ្វើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្ហាញពីការស្ញប់ស្ញែង និងមោទនភាពយ៉ាងក្រៃលែង។
ការបង្ហាញមោទនភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពីដើមឡើយយើងគ្រាន់តែបើករោងចក្រកម្រិតទាបមួយ ប៉ុន្ដែឥលូវយើងមិនមែនផលិតតែខោអាវ ស្បែកជើងទៀតទេ, អាចផលិតគ្រឿងបង្គុំអគ្គិសនី ផលិតទាំងរថយន្ដ។ ខ្ញុំមានមោទនភាពណាស់ដែលមានរថយន្ដផលិតនៅកម្ពុជា (Made in cambodia) ខ្ញុំទៅមើលផ្លាកហ្នឹង [...] យើងមិនមែនធ្វើខ្លួនឯងទេ គឺអង្គការអន្ដរជាតិទទួលស្គាល់ថា រថយន្ដនេះមានសិទ្ធិវាយផ្លាកមើលទៅដឹងថានៅកម្ពុជា»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, អតីតកាលកម្ពុជានាំចូលសូម្បីតែទឹកក្រូចមួយកំប៉ុង ប៉ុន្ដែនៅពេលនេះមានសមត្ថភាព និងលទ្ធភាពដល់ផលិតរថយន្ដទំនើប ដំឡើងនៅក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ជាអន្ដរជាតិថែមទៀតផង។ រោងចក្រផលិត និងដំឡើងដោយស្នាដៃកូនខ្មែរ សម្ដេចបានអញ្ជើញទៅទស្សនាខ្សែចង្វាក់ផលិតកម្មដោយផ្ទាល់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា បន្ថែមពីសម្លៀកបំពាក់កូនខ្មែរក៏មានសមត្ថភាព ក្នុងការផលិតគ្រឿងបង្គុំអគ្គិសនី គ្រឿងអលង្ការកម្រិតខ្ពស់ គ្រឿងសង្ហារឹមទំនើបដែលដាក់តាំងលក់នៅទីផ្សារនៃប្រទេសអ៉ីតាលី ក្នុងតម្លៃរាប់ម៉ឺនដុល្លារ។ សម្ដេចបន្ដថា ការអាចដាក់តាំងលក់បានតម្លៃរាប់ម៉ឺនដុល្លារ ទាល់តែអ្នកផលិតមានទឹកដៃខ្ពស់ និងមានការទទួលស្គាល់ជាអន្ដរជាតិ។
ឆ្លើយតបចំពោះការរីកចម្រើននៃសមត្ថភាពរបស់កូនខ្មែរ ដែលកំពុងបម្រើការងារក្នុងរោងចក្រនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សហជីពដែលតំណាងឲ្យកម្មករ ត្រូវបំពេញការងារឲ្យបានសមស្របអនុលោមទៅតាមច្បាប់ និងវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាការងារជូនកម្មករនិយោជិត ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការដោះស្រាយវិវាទរបស់កម្មករនិយោជិត ត្រូវឈរលើវិជ្ជាជីវៈ ហើយកុំយកបញ្ហាផ្សេងមកភ្ជាប់ គឺដោះស្រាយមិនចេញទេ។ សម្ដេចបានចាត់ទុកថា និយោជក និងនិយោជិត ប្រៀបដូចប្តីប្រពន្ធ រាជរដ្ឋាភិបាលប្រៀបដូចអាណាព្យាបាល ហើយសម្ដេចទទូចឲ្យរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីការចម្រើនលូតលាស់ក្នុងវិស័យការងារ និងការវិនិយោគ៕