(ភ្នំពេញ)៖ សម្តេចបហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗ ដោយបានចោទជាសំណួរមួយចំនួន ដើម្បីបងប្អូនប្រជាពលរដ្ឋ កម្មករ និងយោជិតពិចារណា អំពីទង្វើរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង ដែលមិនបានអ្វីសោះសម្រាប់ជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជា ផ្ទុយទៅវិញ ថែមទាំងអំពាវនាវមិនឱ្យគេមកវិនិយោគនៅកម្ពុជា។
សម្តេចបានថ្លែងទៀតថា អ្នកនយោបាយទាំងអស់នោះ មិនបានគិតពីផលប្រយោជន៍របស់ប្រជាជនខ្មែរនោះទេ អន់ជាប្រជាពលរដ្ឋខ្មែរ ព្រោះនៅពេលអាមេរិកដាក់ពន្ធ ពលរដ្ឋខ្មែរនាំគ្នាសរសេរសំបុត្រ ស្នើសុំការអនុគ្រោះពន្ធដល់កម្ពុជា តែសម្រាប់អ្នកនយោបាយប្រឆាំងវិញ មានតែស្នើឱ្យគេដាក់ពន្ធលើកម្ពុជា។
ការលើកឡើងរបស់សម្តេចបវរធិបតីយ៉ាងដូច្នេះថា ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមជ្ឈមណ្ឌលជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
សម្តេចបានថ្លែងដូច្នេះថា «សួរថាពីពេលដែលគាត់ នៅជាសមាជិកសភាពេលនោះ មានទៅទាក់ទាញវិនិយោគមកទេ? យើងមិនមែនជាការងារផ្តាច់មុខនោះទេ ហើយសិទ្ធិសេរីភាពក្នុងការការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ ក៏មិនមែនជាកាតព្វកិច្ច និងសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលនោះដែរទេ តាំងតែពីរដ្ឋាភិបាលអាមេរិកប្រកាសដាក់ពន្ធ ថ្ងៃទី២ មេសា មកដល់ម៉ោងនេះ យើងមានតំណាងសហជីព សហព័ន្ធ សរសរសំបុត្រសុំឱ្យអាមេរិក គិតគូរពីផលប្រយោជន៍របស់បងប្អូនរបស់យើង ក្រុមហ៊ុនអាមេរិក សភាពាណិជ្ជកម្មអាមេរិក សុទ្ធតែខំប្រឹងទាំងអស់គ្នា ធ្វើបាន មិនបាន មិនសំខាន់ សំខាន់មានទឹកចិត្ត»។
សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត បានថ្លែងលើកបង្ហាញបទពិសោធន៍ប្រទេសនានាថា ពេលមានបញ្ហា ពិសេសបញ្ហាពន្ធអាមេរិក ទាំងអ្នកនយោបាយដឹកនាំរាជរដ្ឋាភិបាល និងបក្សនយោបាយជំទាស់តែងតែរួមគ្នាដោះស្រាយបញ្ហារបស់ជាតិ។ ផ្ទុយពីកម្ពុជា អ្នកនយោបាយប្រឆាំងកេងចំណេញ រកការចំណេញផ្នែកនយោបាយគ្រប់បញ្ហា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិចារណាឱ្យបានច្បាស់ តើនរណានៅជាមួយបងប្អូន និងការពារផលប្រយោជន៍បងប្អូន គឺច្បាស់ណាស់ មានតែរាជរដ្ឋាភិបាលប៉ុណ្ណោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕