(ភ្នំពេញ)៖ រាជរដ្ឋាភិបាល កំពុងសហការជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដើម្បីផលិតរថយន្តដឹកកម្មករនិយោជិតថ្មី ដែលមានលក្ខណៈស្របតាមបច្ចេកទេស និងមានភាពសុវត្ថិភាពជាងមុន។ នេះបើតាមការបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
លោក ហេង សួរ បានបញ្ជាក់ដូច្នេះថា៖ «បានស្វែងរកយន្តការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែល ស្របតាមបទដ្ឋាន និងផាសុកភាពជាងមុន ដោយបានសហការជាមួយក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុក ដើម្បីផលិតរថយន្តដឹកកម្មករនិយោជិតថ្មី ដែលមានលក្ខណៈស្របតាមបច្ចេកទេស និងមានភាពសុវត្ថិភាពជាងមុន»។
បើតាម លោករដ្ឋមន្រ្តី រថយន្តដឹកកម្មករថ្មី ដែលកែច្នៃខាងមុខនេះ នឹងផ្ទុកកម្មករនិយោជិតបានចំនួន៣២នាក់ ហើយក្រសួងនឹងឆ្លងលក្ខណៈបច្ចេកទេស ហើយពិភាក្សាជាមួយដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីធានាថា ការដាក់ចេញនូវរថយន្តថ្មីនេះ គឺអាចទទួលយកបាន ទាំងតម្លៃ ទាំងយន្តការសមាហរណកម្ម និងអាចទទួលយកបានពីកម្មករនិយោជិត និងអ្នកបើកបររថយន្តផងដែរ៕