(សៀមរាប)៖ កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងតែរីកជាលើកទី៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។
ក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន បានកំពុងធ្វើការស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន។
យោងតាមក្រុមការងារជំនាញ កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើសកលលោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលយើងធ្លាប់បានជួបប្រទះមានដុះ នៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។ គេហៅកំណត់ថាវាធំជាងគេលើសកលលោក ព្រោះតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ ទៅ៣ខែ។
កេសរកូលព្រះទ្រហឹងត្រូវបានយកមកដំានៅក្នុងសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១ ដែលមានចំនួន១ទងផ្កា លើកទី២នៅខែមេសា ឆ្នាំ២០២៤ចំនួន១ទងផ្កា និងបច្ចុប្បន្ន គឺក្នុងខែមេសា ឆ្នាំ២០២៥នេះ កេសរកូលព្រះទ្រហឹង បាននិងកំពុងចេញផ្កាជាលើកទី៣ដែលមានចំនួនរហូតដល់ទៅ៥ទងផ្កា។ នេះបានបញ្ជាក់ថា សួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្របសម្រាប់ការរស់នៅរបស់កេសរកូលព្រៃប្រភេទនេះ៕