(ព្រៃវែង)៖  លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានមានប្រសាសន៍ជំរុញដល់ឲ្យមន្ត្រីគណបក្សក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោកសាស្រាចារ្យ សេង ផល្លី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិក សមាជិកាគណបក្ស ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

បន្ថែមលើសពីនេះ លោកសាស្ត្រាចារ្យ បានផ្តាំផ្ញើរដល់ក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណបក្សត្រូវយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួនរួមមាន៖

*ទី១៖ ការងារគ្រប់គ្រងសមាជិកបក្ស រក្សាចាស់ បង្កើនថ្មី

*ទី២៖ ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស

*ទី៣៖ ការងារចិញ្ចឹមចលនានៅមូលដ្ឋាន, គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការងារច្បាស់លាស់។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ សេង ផល្លី បានបន្តថា ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

លើសពីនេះ លោកសាស្ត្រាចារ្យ បានស្នើដល់ «អាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសេវាសំណូមពរឲ្យមានតម្លាភាព និងគណនេយ្យភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ»

លោក បានបន្តថាត្រូវបន្តជំរុញការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋានជាដើមផងដែរ៕