(ព្រះសីហនុ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រដំឡើង យានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. នៅខេត្តព្រះសីហនុ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា-ចិន នឹងបន្តរឹតចំណងមិត្តភាពទំនាក់ទំនងការទូតកម្ពុជា និងមិត្តចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការផ្លែផ្កា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែជិតស្និទ្ធ បង្កើតគំរូល្អថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបានថ្លែងដូចនេះដែរថា «ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង»។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា បើនិយាយតែនៅក្នុងក្របខណ្ឌនៃការកសាង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសរុបប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ) ដែលជាគម្រោងប្រវត្តិសាស្ត្រ ត្រូវបានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ និងទទួលបានការប្រកាសគាំទ្រពីលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលទើបតែកន្លងទៅថ្មីៗនេះផងដែរ៕