(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ (អូរអន្លក់) ស្រុកកំរៀង ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ (អូរអន្លក់) ត្រូវបានសម្រេចផ្ទេរ និងប្រគល់ភារកិច្ចជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ជំនួសលោក តេង ចាន់ភិរម្យ ដែលត្រូវទៅបម្រើការងារនៅអង្គភាពដើមវិញ និងប្រគល់ភារកិច្ចជូនលោក រិត សុធាវី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ (អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង។

ស្ថិតក្នុងឱកាសនោះលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំមន្រ្តី និងកងកម្លាំងមានសមត្ថកិច្ចប្រចាំ ការនៅតាមច្រកទ្វារព្រំដែនត្រូវពង្រឹងកិច្ចការពារសន្តិសុខនៅតាម បន្ទាត់ព្រំដែន និងបង្កើនកិច្ចសហការប្រតិបត្តិការល្អ ជាមួយភាគីថៃសំដៅជំរុញតំបន់ព្រំដែនទៅជាព្រំដែនដែលមានសន្តិភាព។

លោក សុខ លូ ស្នើរដ្ឋបាលស្រុកសំពៅលូន និងរដ្ឋបាលស្រុកកំរៀង ព្រមទាំងគ្រប់មន្រ្តី ក្នុងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ និងគ្រប់អង្គភាពពាក់ព័ន្ធបន្ត ចូលរួមដឹកនាំ គ្រប់គ្រង ជាមួយប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ ដែលចូលកាន់មុខតំណែងថ្មី ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដីឱ្យបានគង់វង្ស។

លោកអភិបាលខេត្ត បានណែនាំប្រធានច្រកថ្មីត្រូវដឹកនាំ គ្រប់គ្រងពង្រឹងកិច្ចសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងការងារឱ្យមានភាពរលូន រក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ ក្នុងទីស្នាក់ការ ត្រូវមានសីលធម៌ល្អ គុណធម៌ និងមនសិការវិជ្ជាជីវៈគិតគូរពីផលប្រយោជន៍ជាតិជាធំ និងត្រូវចូលរួមលើកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឆ្លងដែនទាំងជនជាតិខ្មែរ និងជនបរទេសឱ្យបានល្អ។

បន្ថែមពីនេះលោក សុខ លូ បានណែនាំមន្រ្តី និងកងកម្លាំងនៅតាមច្រកព្រំដែនត្រូវបង្កើនកិច្ចសហការគ្នាក្នុងការបង្ការទប់ស្កាត់បទល្មើសនានា ដូចជា៖ ទំនិញគេចពន្ធ បញ្ហាគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសឆ្លង ដែនជាដើម។ ជាពិសេសត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសថៃ ដើម្បីធានារក្សាការអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀង និងច្បាប់របស់ប្រទេសនីមួយៗ។

លោក សុខ លូ បានថ្លែងអំណរគុណភាគីថៃដែលតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការសម្របសម្រួលដល់ពលករខ្មែរបានវិលត្រឡប់មកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះផងដែរ៕