(រតនគិរី)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា នៅគេហដ្ឋានលេខ១៤៣ ផ្លូវក្រុម៣ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមលោកបណ្ឌិតផ្ទាល់ លោកបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព ចំពោះមរណភាពរបស់លោក មួង ប៉យ គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសបានខិតខំលើកកម្ពស់សិទ្ធិសេរីភាពបងប្អូនជនជាតិដើមភាគតិច ព្រមទាំងបានចូលរួមប្រែក្លាយតំបន់ភូមិភាគឦសានឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងការបម្រើព្រឹទ្ធសភា ចាប់តាំងពីនីតិកាលទី៤ រហូតដល់នីតិកាលទី៥នេះ ដើម្បីពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ គណៈប្រតិភូសូម ចងចាំជានិច្ចនូវគំរូវីរភាព មនសិការ ស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ លោកនិងសូមដួងវិញ្ញាណក្ខន្ធរបស់លោក មួង ប៉យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោក មួង ប៉យ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖៣០នាទីព្រឹកក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ៕