(ថៃ)៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុ មិនមែនធនាគារ (អ.ស.ហ.), និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (ESCAP), ក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសម៉ុងហ្គោលី, សមាគមហិរញ្ញវត្ថុនិរន្តរភាពម៉ុងហ្គោលី និងទីភ្នាក់ងារជាតិនវានុវត្តន៍ នៃប្រទេសថៃ រៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្ដីពី «យុទ្ធសាស្ត្រសម្រាប់ការពង្រឹងគម្រោងបៃតងរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើង» និងកិច្ចប្រជុំតុមូលវិនិយោគិន ស្ដីពី «ការវិនិយោគក្នុងគម្រោងនិរន្តរភាព រយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើង» នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមក្របខណ្ឌគម្រោងវិនិយោគអាកាសធាតុ របស់ ESCAP។

នៅក្នុងសិក្ខាសាលាថ្នាក់តំបន់នេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. បានចូលរួមធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី «ទស្សនវិស័យជាតិ ស្តីពីហិរញ្ញវត្ថុបៃតង»

សិក្ខាសាលាថ្នាក់តំបន់នេះ មានគោលបំណងពង្រឹងការអភិវឌ្ឍគម្រោងបៃតងរយៈពេលវែង នៅក្នុងទីផ្សារដែលកំពុងងើបឡើង ដោយដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងការកៀរគរហិរញ្ញវត្ថុនិរន្តរភាព និងបៃតង ខណៈពេលដែលរដ្ឋាភិបាលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានផ្តោតយ៉ាងសំខាន់ ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសម្រាប់ ហិរញ្ញវត្ថុនិរន្តរភាព និងរំហូរនៃការវិនិយោគ ដែលនៅមានភាពរាំងស្ទះ ដោយកង្វះខាតគម្រោងបៃតងដែលអាចវិនិយោគ និងអាចធានាបាន។

នៅក្នុងកិច្ចពិភាក្សាខាងលើ លោកប្រតិភូ បានចែករំលែកនូវវឌ្ឍនភាព និងការអភិវឌ្ឍ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយគាំទ្រហិរញ្ញវត្ថុ និរន្តរភាពរបស់ទីផ្សារមូលបត្រនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រតិភូ ក៏បានចូលរួមថ្លែងសុន្ទរកថាបើកកិច្ចប្រជុំតុមូលវិនិយោគិន ដែលកិច្ចប្រជុំតុមូលនេះ រៀបចំឡើងក្នុងគោលបំណងជួយសម្រួល ដល់ការផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងវិនិយោគិន និងម្ចាស់គម្រោងបៃតង ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅក្នុងទីផ្សារដែលកំពុងងើបឡើង។

ថ្លែងក្នុងកិច្ចប្រជុំតុមូលវិនិយោគិននេះ លោកប្រតិភូ បានថ្លែងថា «ហិរញ្ញវត្ថុនិរន្តរភាព គឺជាយុទ្ធសាស្ត្រអាទិភាពមួយ ក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនរយៈពេលវែង បរិយាបន្ន និងការទទួលខុសត្រូវចំពោះបរិស្ថាន។ ពួកយើងបាន និងកំពុងអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិដើម្បីគាំទ្រដល់ការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតង សង្គម ចីរភាព និងផ្សារភ្ជាប់ចីរភាព ក៍ដូចជាឧបករណ៍ហិរញ្ញវត្ថុអន្តរកាល ដែលជាឧបករណ៍សំខាន់ ក្នុងការជួយផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅរកកាបូនទាប»។

លោកបន្ដថា «ក្របខណ្ឌទាំងនេះ នឹងស្របតាមស្តង់ដាអន្តរជាតិ និងតំបន់ ដើម្បីបង្កើនភាពជឿជាក់ និងការទទួលស្គាល់ឆ្លងដែន។ ក្នុងនាមជានិយ័តករ ខ្ញុំជឿជាក់ថា ដើម្បីកសាងទំនុកចិត្តវិនិយោគិន នៅក្នុងទីផ្សារដែលកំពុងងើបឡើង ចាំបាច់ណាស់ត្រូវចាប់ផ្តើមឡើងជាមួយតម្លាភាព មានភាពជាដៃគូដ៏រឹងមាំ និងការណ៍ដែលមានគម្រោងនិរន្តរភាពដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ហិរញ្ញប្បទាននិរន្តរភាព»

សិក្ខាសាលាថ្នាក់តំបន់ និងកិច្ចប្រជុំតុមូលនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័ន ភាគីពាក់ព័ន្ធ និងវិនិយោគិននៃប្រទេសកម្ពុជា ថៃ និងម៉ុងហ្គោលី ព្រមទាំងបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕