(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ សឺ ជិប ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) ដែលត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៨៖៣០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្ដែងនូវ ក្តីសង្វេគបកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យ ជាទីបំផុត។ ការបាត់បង់ ឯកឧត្តម មួង ប៉យ គឺជាការបាត់បង់នូវស្វាមី លោកឪពុក និងជីតា ប្រកបដោយ សង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះភរិយា កូនៗ ចៅៗជាទីស្រឡាញ់ ពិសេសក៏ជាការបាត់បង់ ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបំរើ បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម មួង ប៉យ ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕