(ត្បូងឃ្មុំ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី «ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា»

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច និងលោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលដៅបញ្ជ្រាបការយល់ដឹង ជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះ ក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែម ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ ន.ប.ធ. និងមន្ត្រីជំនាញ, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ២០០ រូប៕