(កណ្ដាល)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយផលិតផលឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម»

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងអង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងលោក គង្គ ច័ន្ទណែត នាយករងរដ្ឋបាលខេត្ត តំណាងអភិបាលខេត្តកណ្ដាល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំ ស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះដល់សមាជិក-សមាជិកាសហគមន៍កសិករ និងសហគ្រាសកសិធុរកិច្ចមួយចំនួន ដែលមានបំណងស្វែងរក ទុនគាំទ្រ និងពង្រីកផែនការអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន÷ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕