(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ២៣៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនក្រុមជនល្មើសចំនួន២នាក់ ក្នុងចំណោម៤នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិឥណ្ឌូនេស៊ី នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ បានចុះដល់កន្លែងហេតុហើយ ឃាត់ជនសង្ស័យ២នាក់ មកសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ ឌឿម ដម ហៅម៉ៃ អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ វី មករា ហៅ រ៉ា អាយុ១៧ឆ្នាំ។ ពួគគេស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ ឌឿន ដម និងឈ្មោះ វី មករា បានសារភាពថា នៅវេលាម៉ោង ២០៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ខ្លួន និងបក្ខពួកចំចំនួន០២នាក់ទៀតមានឈ្មោះ រាជ (ហេង ប៊ុនរាជ) អាយុ១៧ឆ្នាំ និងឈ្មោះ បញ្ញា (អាន បញ្ញា) អាយុ១៦ឆ្នាំ បាននាំគ្នាទៅផឹកស៊ីនៅហាងស្រា១កន្លែង ម្ដុំស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បន្ទាប់មកក៏នាំគ្នារៀបចំគម្រោងចេញឆក់កាបូបជនជាតិឥណ្ឌូនេស៊ី ដោយឈ្មោះ រាជ បានប្រគល់ម៉ូតូរបស់គេម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកឱ្យពួកខ្លួន ចាំធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ។ ចំណែកឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បើកម៉ូតូ១គ្រឿងទៀត ធ្វើសកម្មភាពឆក់។
រហូតដល់វេលាម៉ោងកើតហេតុ ក្រុមខ្លួនបានឃើញជនរងគ្រោះជនជាតិឥណ្ឌូនេស៊ីជិះម៉ូតូ២នាក់ (ប្រុស-ស្រី) ហើយក្រុមរបស់ខ្លួន បានជិះម៉ូតូតាមពីក្រោយ។ ពេលដល់ចំណុចមុខហាងបូសោភ័ណឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បានឆក់យកកាបូបស្បាយចំហៀងរបស់ជនរងគ្រោះបានសម្រេច។
ភ្លាមៗនោះពួកខ្លួនទាំង២នាក់ បានជិះម៉ូតូទៅធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត ដើម្បីយកទាំងម៉ូតូ តែពេលធាក់ម៉ូតូរបស់ជនរងគ្រោះមិនដួល ក៏ដួលខ្លួនឯង ហើយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋនៅទីនោះ ចាប់បាន ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាព ហើយរាយការណ៍ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកយកតែម្ដង។ ចំណែកបក្ខពួកខ្លួន២នាក់ទៀត បានបើកម៉ូតូរត់គេចខ្លួនបាត់។
ក្រោយសារភាព, ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យ២នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកមេបញ្ជាការបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ៕