(តាកែវ)៖ ប្រជាពលរដ្ឋចំនួន១៣គ្រូសារ រស់នៅជិតផ្សារស្វាយព្រៃ ក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បាននាំគ្នាផ្ដិតមេដៃស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ ឲ្យជួយប្ដូរទីតាំងកុងស៊ីសត្តឃាតរបស់ឈ្មោះ ឆាយ ស្ថិតនៅក្នុងផ្សារស្វាយព្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររាប់ឆ្នាំមកហើយ ដោយអត់ទ្រាំ និងក្លិនស្អុយឆ្អេះឆ្អាបសាយភាយចេញពីកន្លែងសត្តឃាតកណ្តាលទីប្រជុំជន។

ក្រុមប្រជាពលរដ្ឋ បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធស្រុកសំរោង ជួយរកដំណោះស្រាយពួកគាត់ ហើយកន្លងមកពួកគាត់បានរាយការណ៍ទៅអាជ្ញាធរឃុំលំចង់ ជួយអន្តរាគមន៍ដែរ ប៉ុន្តែស្ងាត់សូន្យឈឹង។

ក្រុមប្រជាពលរដ្ឋលើកឡើងបន្តថា ទីតាំងសត្តឃាតនេះ មិនថាថ្ងៃ ឬយប់នោះទេ គឺជះក្លិនស្អុយ ឆ្អេះឆ្អាបពិបាកដកដង្ហើម ព្រោះជាទីតាំងគ្មានកន្លែងបង្ហូរទឹកចេញ ហើយនៅក្បែរផ្ទះពួកគាត់តែម្តង។ ចំណែកម្ចាស់កុងស៊ីវិញ ពេលពួកគាត់សុំឲ្យមានការផ្លាស់ប្តូរទីតាំង បែរជាខឹងប្រជាពលរដ្ឋវិញ ហើយរុញឲ្យទៅប្តឹង ដោយមិនខ្លាចទាំងដែលទីតាំងគាត់ កំពុងជះក្លិនស្អុយអាសោចរំខាន ដល់ការរស់នៅរបស់ពួកគាត់រាប់ឆ្នាំមកហើយ។

ប្រជាពលរដ្ឋសុំស្នើទៅលោក កៅ វគ្គសែល អភិបាលស្រុកសំរោង ជួយអន្តរាគមន៍ដោះស្រាយពួកគាត់ ព្រោះទីតាំងសត្តឃាតនេះ បង្កផលប៉ះពាល់ដល់ការរស់នៅពួកគាត់ជិត២០ឆ្នាំមកហើយ។

ពាក់ព័ន្ធកន្លែងសត្តឃាតនេះលោក កៅ វគ្គសែល អភិបាលស្រុកសំរោង បានប្រាប់ភ្នាក់ងារ Fresh News យ៉ាងខ្លីថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ តែលោកនឹងធ្វើការស្រាវជ្រាវរកព័ត៌មាននេះសិន។

លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីកសិកកម្មខេត្តតាកែវ ដែលមើលការខុសត្រូវលើសត្វឃាតនៅទូទាំងតាកែវ បានថ្លែងថា ទីតាំងសត្តឃាតនេះមានម្ចាស់២នាក់ ហើយកាប់ជ្រួក៤-៥ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទីតាំងនេះមានត្រពាំងមួយនៅជិត ដែលមានការទម្លាក់សំរាមចូលរាល់ថ្ងៃនាំឲ្យមានក្លិនមិនល្អ។ លោកថា ជំនាញកំពុងតែគិតពិភាក្សាគ្នាថា គួរតែលប់ត្រពាំងនេះ ឬយ៉ាងណាដើម្បីកុំឲ្យមានក្លិនមិនល្អតទៅទៀត៕