(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១២២គ្រួសារ ក្នុងនោះប្រពលរដ្ឋងាយរងគ្រោះ (មានជីវភាពខ្វះខាត ចាស់ជរា ជនមានពិការភាព កុមាកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេស៍ ដែលមាជីវភាពទីទ័លក្រ ចំនួន១០០គ្រួសារមកពី ៤៥ភូមិ លើឃុំចំនួន ៥ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២២គ្រួសារ មកពីភូមិចំនួន៣ នៃឃុំបួរ និងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តគីរីសង្វាពេជ្រ ហៅវត្តភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

នាឱកាសនោះ លោក សុខ លូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ។

ជាមួយគ្នានេះ លោកបានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗ ទៅសាលារៀនឱ្យបានគ្រប់ៗគ្នារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។

ទន្ទឹមនោះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមាន រយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។

ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ គ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។

ជាមួយគ្នានេះ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា លោកប្រធាន ក៏បានអំពាវនាវចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ដោយការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលជាក់ស្តែង។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរទឹកស៊ីងអ៉ីវ១យួរ។ ដោយឡែក គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយចំនួន ២២គ្រួសារទទួលបានបន្ថែមឃីត១កញ្ចប់ (មុង ក្រមា) គ្រួសាររលំទាំងស្រុងចំនួន៧គ្រួសារបន្ថែមសំពត់តងចំនួន១ និងថវិកាមួយចំនួនផងដែរ៕