(កំពង់ឆ្នាំង)៖ ក្រុមហ៊ុនម៉ៅការដឹកសំរាមនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចាក់សំរាមខុសបច្ចេកទេស និងដុតសំរាមចោលប៉ះពាល់បរិស្ថានហ៊ុយផ្សែងជាប្រចាំ ដែលមានរយៈពេល៧ឆ្នាំមកហើយ ធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ២ភូមិ ក្នុងឃុំពេជចង្វារ។ បញ្ហានេះត្រូវបានលោក កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកបរិបូណ៌ ដឹកនាំក្រុមការងារចម្រុះចុះដោះស្រាយ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ តាមសំណូមពរប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យ។
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋភូមិទឹកជ្រាប់ ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមហ៊ុនម៉ៅការដឹកសំរាមស្រុកបរិបូរណ៍ ដែលមានទីលានចាក់សំរាមនៅក្នុងភូមិទឹកជ្រាប់ បានចាក់សំរាមចោលនៅក្នុងទីលាន និងបានដុតសម្រាមចោល ប៉ះពាល់ដល់បរិស្ថានដែលមានថង់ប្លាស្ទិក ក្នុង១ខែ ៣ដង និងក្នុង១ដងៗ សំរាមបានឆេះពី៣ថ្ងៃ ទៅ៥ថ្ងៃ ធ្វើឲ្យមានផ្សែងហ៊ុយពេញភូមិ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ២ភូមិ គឺភូមិទឹកជ្រាប់ និងភូមិក្រាំងកកោះ ក្នុងឃុំពេជចង្វារ។
អ្នកដែលប៉ះពាល់សុខភាពខ្លាំងជាងគេនោះគឺ ស្ត្រីមានផ្ទៃពោះកុមារ និងចាស់ជរា។ ពួកគាត់គោរពស្នើសុំស្ថាប័នពាក់ព័ន្ធ មានអាជ្ញាធរស្រុក ខេត្ត និងថ្នាក់ ដឹកនាំក្រុមការងារថ្នាក់កណ្ដាល មេត្តាជួយមានវិធានការណ៍ទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់ខាងលើនេះដែលកើតមានជាយូរមកហើយនោះជូនពួកគាត់ផង។
ទាក់ទងនឹងសំណូមពរខាងលើនេះ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក កុល ប៊ុនលី បានដឹកនាំក្រុមការងារចម្រុះ ដែលមានការចូលរួមពីសំណាក់លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អាជ្ញាធរឃុំ ស្រុក ខេត្ត និងមន្ទីរពាក់ ព័ន្ធក្នុងខេត្ត បានចុះទៅត្រួតពិនិត្យទីលានចាក់សំរាម និងដោះស្រាយផលប៉ះពាល់ ដែលជាសំណូមពរប្រជាពលរដ្ឋ។
លោក ជា វិច មេឃុំពេជចង្វារ ទាក់ទងនឹងករណីខាងលើនេះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងតាមទូរសព្ទថា ក្នុងពេលក្រុមការងារខាងលើចុះដោះស្រាយ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋបានសំណូមពរ៣ចំណុចគឺ៖
*១៖ សំរាមនៅក្នុងទីលានទាំងអស់ត្រូវជីករណ្ដៅឱ្យជ្រៅកប់ចោលឱ្យអស់
*២៖ ត្រូវឈប់ដុតសំរាមបន្តទៀត
*៣៖ ក្នុងរយៈពេល ៣ខែ ត្រូវរកទីតាំងចាក់សំរាមថ្មី ដោយត្រូវជីករណ្ដៅឱ្យជ្រៅទុកកប់សំរាម មិនឱ្យមានផលប៉ះពាល់ដូចមុនទៀតឡើយ។
លោកមេឃុំបានបញ្ជាក់ទៀតថា ផលប៉ះពាល់ នៃការដុតសំរាមដូចខាងលើនេះរបស់ក្រុមហ៊ុនម៉ៅការដឹកសំរាមស្រុកបរិបូរណ៍បានកើតមានតាំងពីឆ្នាំ២០១៨ មកម្ល៉េះ និងក៏ធ្លាប់មានសត្វគោស៊ីសំរាមស្បោងផ្លាស្ទិចពុលងាប់ផងដែរ។ កន្លងមក អាជ្ញាធរឃុំធ្លាប់បានធ្វើការណែនាំ និងសំណូមពរជាច្រើនលើកច្រើនសារតែក្រុមហ៊ុនគាត់មិនអនុវត្តតាមឡើយ។
ចំពោះសំណូមពរទាំង៣ចំណុចខាងលើនេះ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការណែនាំ និងការសម្របសម្រួលពីលោក កុល ប៊ុនលី និងក្រុមការងារចម្រុះ ក្រុមហ៊ុនម៉ៅការដឹកសំរាមស្រុកបរិបូរណ៍ ក៏បានយល់ព្រមទទួលយកមកអនុវត្ត។
ប្រជាពលរដ្ឋនៅក្នុងភូមិទឹកជ្រាប់ និងភូមិក្រាំងកកោះ រួមទាំងអាជ្ញាធរឃុំពេជចង្វារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កុល ប៊ុនលី និងក្រុមការងារទាំងអស់ដែលបានចុះមកជួយដោះស្រាយផលប៉ះពាល់ ខាងលើនេះជូនប្រជាពលរដ្ឋ៕