(ភ្នំពេញ)៖ លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារសំខាន់នៃការចេះភាសាបរទេស ពិសេសភាសាអង់គ្លេស និងភាសាចិន ដែលកំពុងតែពេញនិយមនៅកម្ពុជា។
លោកអនុរដ្ឋលេខាធិការក្រសួងអប់រំ បានលើកយកពីស្ថានភាពផ្ទាល់របស់លោក ដោយចាត់ទុកការចេះភាសាបរទេស គឺជាសំណាង។ សំណាងត្រង់ថា លោកអាចទម្លុះរនាំងភាសា ភ្ជាប់ទំនាក់ទំនងជាមួយជនបរទេស នៅពេលដែលធ្វើទៅក្រៅប្រទេស។ លោកជំរុញឱ្យយុវជន ប្រឹងប្រែងសិក្សារៀនសូត្រ រួមទាំងរៀនភាសាបរទេសផងដែរ។
លោក ជា ជាតិ បានលើកឡើងដូច្នេះថា «ភាសាបារាំង អង់គ្លេស និងចិន មានទីផ្សារទូលំទូលាយណាស់ ទាំងកម្ពុជាយើង អាស៊ាន ឬអន្តរជាតិ ដូច្នេះសាលារៀន [Cam-Asean] ដែលបើកសម្ពោធនៅថ្ងៃនេះ ពិតជាចូលរួមចំណែកកសាងមូលធនមនុស្សរបស់កម្ពុជា»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអាគារសាខាទី៥ របស់សាលាភាសាបរទេសខេម-អាស៊ាន សាខាទី៥ (បឹងកក់) នាពេលថ្មីៗកន្លងទៅនេះ។
បន្ថែមលើសពីនេះទៀតមន្ត្រីជាន់ខ្ពស់រូបនេះ បានផ្តល់អនុសាសន៍ចំនួន៣ចំណុច ដើម្បីជំរុញឱ្យសិស្ស និស្សិតអាចទទួលបានជោគជ័យក្នុងការសិក្សា ក្នុងរួមមានទី១៖ ត្រូវចេះរៀបចំផែនការ ឱ្យបានច្បាស់លាស់ និងទី២៖ កត្តាសិស្សនិស្សិត ខ្លួនឯងត្រូវមានវិន័យ ការខិតខំប្រឹងប្រែងរៀនសូត្រ និងទី៣៖ កត្តាអាណាព្យាបាល ត្រូវតែចូលរួមអប់រំកូន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាលារៀន។
លោក ស៊ាង សុបញ្ញា អគ្គនាយកសាលាភាសាបរទេសខេម-អាស៊ាន ដែលអ្នកជំនាញក្នុងវិស័យអប់រំភាសាបរទេស បានកត់សម្គាល់ឃើញថា យុវជនកម្ពុជា នៅខ្វះខាតចំណេះដឹងផ្នែកភាសាបរទេសច្រើន។ ការហ៊ានវាយតម្លៃបែបនេះ យោងតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ភាសាបរទេស គឺធ្លាក់ច្រើន (និទ្ទេស F) ។ សម្រាប់ហេតុផលធ្លាក់ច្រើន គឺដោយសារតែសិស្ស ផ្តោតច្រើនលើការសិក្សាមុខវិជ្ជាគោល និងការមិនមានឱកាសរៀនភាសាមិនបានពេញលេញ។
លោកបន្តថា នៅពេលសិស្ស និស្សិតបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ គឺមានបញ្ហាប្រឈម ដោយត្រូវរៀនជំនាញមួយ និងមួយទៀតរៀបបរិញ្ញាបត្រភាសាបរទេស ដែលនេះបានក្លាយជាសម្ពាធខ្លាំងសម្រាប់ពួកគាត់ ហើយអ្នកខ្លះទៀត ដែលមានជីវភាពខ្វះខាត ត្រូវរកការងារធ្វើបណ្តើររៀនបណ្តើរ។
លោកបន្ថែមថា ការមានចំណេះដឹងផ្នែកភាសា សិស្សនិស្សិតងាយស្រួលក្នុងការសិក្សា និងអាចទាញយកប្រយោជន៍ បានយ៉ាងច្រើនពីឯកសារផ្សេងៗ ដែលជាភាសាបរទេស។ ផ្ទុយទៅវិញសម្រាប់អ្នកដែលខ្សោយភាសាបរទេស អាចដើរក្រោយជាងអ្នកដែលចេះ៕