(ភ្នំពេញ)៖ «ផ្ការីក» គឺជាពាក្យដ៏ល្អមួយ ប៉ុន្តែពាក្យ «ផ្ការីក» និងនិយមន័យរបស់ «ផ្ការីក» ត្រូវបានក្រុមជ្រុលនិយមបែរជាយកមកប្រើប្រាស់ក្នុងន័យអាក្រក់ដើម្បីចង់បំផ្លាញប្រទេសជាតិរបស់ ខ្លួនឯងទៅវិញ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា អត្ថន័យពិតនៃគោលនយោបាយ «ផ្ការីក» គឺការរំលេចចេញជាសមិទ្ធផលពិត និងមិនមែនគ្រាន់តែជាពាក្យស្លោកទទេៗនោះឡើយ។ យុទ្ធសាស្ត្រ «ផ្ការីក» របស់រាជរដ្ឋាភិបាលក្រោមការកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា គឺជាភាពប្រទាក់ក្រឡាគ្នានូវផ្លូវរីកចម្រើនសេដ្ឋកិច្ចតាមរយៈការបង្កើតផ្លូវថ្នល់និងហេដ្ឋារចនា សម្ព័ន្ធដែលកំពុងរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។ យុទ្ធសាស្ត្រ «ផ្ការីក» របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បន្តវេនដោយក្រុមយុវជនគណបក្សប្រជាជនកម្ពុជា គឺជាសមាហរណកម្មដ៏ជាក់ស្តែងនៃសរសៃឈាមសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទូទាំងប្រទេស។

«ផ្ការីក» របស់រាជរដ្ឋាភិបាលគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ជាតិតាមរបៀបការអភិវឌ្ឍប្រទាក់ក្រឡាពីភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ តាមខេត្តនិងរាជធានី និងមានភាពខុសគ្នាទាំងស្រុងនូវអត្ថន័យពាក្យ «ផ្ការីក» របស់ក្រុមជ្រុលនិយម ដោយពួកគេបែរជាប្រើប្រាស់ឈ្មោះដ៏ល្អនៃពាក្យ «ផ្ការីក» នេះ ដើម្បីបម្រើតែនយោបាយញុះញង់ សម្តៅបង្កភាពបំបែកបំបាក់ជាតិ និងប៉ុនប៉ងបំផ្លាញវឌ្ឍនភាពជាតិខ្មែរតែប៉ុណ្ណោះ។

* «ផ្ការីក» គឺជាភាពលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធនៃខ្សែជីវិតរបស់ប្រទេសជាតិ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន នូវព្រឹត្តិការណ៍ដ៏សំខាន់ដទៃទៀត។ ផ្លូវជាតិសំខាន់ៗដែលបានស្តារ និងលើកកម្រិតគុណភាពទាំងបីខ្សែ គឺផ្លូវជាតិលេខ៤១, ៣១, និង៣៣ ដែលមានតម្លៃ១៨៨លានដុល្លារ ដែលជាឥណទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តជាប់មាត់សមុទ្រសំខាន់ៗនៅភាគនិរតី។ ផ្លូវទាំងនេះមិនមែនគ្រាន់តែជាផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគឺជាសរសៃនៃថាមពលសេដ្ឋកិច្ច ហូរភ្ជាប់រវាងអ្នកផលិតចូលទៅកាន់ទីផ្សារ, ផ្សារភ្ជាប់រវាងកម្មករទៅនឹងការងារ និងផ្សាភ្ជាប់សហគមន៍ទៅកាន់ឱកាស ដើម្បីភាពរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ផ្លូវដែលតភ្ជាប់នឹងខ្សែសង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានេះហើយ គឺជាអត្ថន័យពិតប្រាកដនៃពាក្យថា «ផ្ការីក»។

ពិធីសម្ពោធផ្លូវទាំងបីខ្សែនៅថ្ងៃទី២៩មេសាឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិន លោក Wang Wenbin ដែលជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃការអភិវឌ្ឍន៍ទៅវិញទៅមក និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

នៅដើមខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូតចិន Wang Wenbin បានសម្ពោធមូលដ្ឋានសមុទ្ទរាម, ផ្លូវជាតិ៧១C និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្រប និងប្តេជ្ញាចិត្តក្នុងការធ្វើសមាហរណកម្មរូបវ័ន្ត និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចបវរធិបតី ដែលប្រឡាក់ស្នាមក្រេមរបស់ពលរដ្ឋអ្នកស្រុកតាកែវជាប់នៅនឹងថ្ពាល់ ដែលជាស្នាមបង្ហាញនូវភាពស្រឡាញ់និងកោតគោរពដ៏ខ្ពង់ខ្ពស់ បានថ្លែងក្នុងពិធីសម្ពោធថា បណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់គ្នានេះ គឺតំណាងឱ្យ «កោសិកា» នៃរាងកាយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយផ្លូវនីមួយៗស្ពាន និងមូលដ្ឋានកសាងទាំងឡាយ កំពុងដើរតួជាបណ្តាញដ៏សំខាន់ដែលទ្រទ្រង់និងចិញ្ចឹមបីបាច់កំណើនសេដ្ឋកិច្ចជាតិ៖

«ខេត្តកណ្តាល, រាជធានីភ្នំពេញ, ខេត្តតាកែវ, កែប, កំពត ភ្ជាប់ជាមួយក្រុងព្រះសីហនុ, កោះកុង ។ អញ្ចឹងដូចខេត្តដែលជាប់នេះ ដូចខេត្តកំពង់ស្ពឺ ,ពោធិ៍សាត់ ក៏មានសក្តានុពលដេញបន្តគ្នា។ នេះហើយ ដែលយើងថា អ្នកខ្លះគេថា «ផ្ការីក» ផ្ការីកចលនានៃការផ្តួលរដ្ឋាភិបាល តែយើង «ផ្ការីក» នៃចលនានៃការកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រេជាជន ពីខេត្តមួយទៅខេត្តមួយ ពីប៉ូលមួយទៅប៉ូលមួយឱ្យកាន់តែច្រើន ដើម្បីឱ្យសេដ្ឋកិច្ចយើងរីកចម្រើនទូទាំងប្រទេស។ អញ្ចឹងការតភ្ជាប់នៃសរសៃឈាមនេះ គឺជាកិច្ចការសំខាន់ណាស់សម្រាប់យើង»។

សម្តេចបវរធិបតី បានបញ្ជាក់បន្ថែមថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ភាគនិរតីមានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជំរុញទេសចរណ៍សម្រួលការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ផ្លូវទាំងនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរការចំណាយលើការដឹកជញ្ជូនទាប និងការបើកទីផ្សារថ្មីសម្រាប់ទំនិញកសិកម្ម និងឧស្សាហកម្ម ដែលពិតជាការរីកដុះដាលនៃថាមពលសេដ្ឋកិច្ចនៅទូទាំងប្រទេស៖

«ផ្លូវទាំងបីខ្សែនេះ ក៏នឹងចូលរួមបន្ថែម នៅក្នុងការបង្កើនសក្តានុពល និងបង្កើតនូវបណ្តាញប្រទាក់ក្រឡាគ្នា… ហើយអ្នកដែលបានផល គឺអ្នកណា? ទី១ អ្នកដែលបានផលផ្ទាល់គឺអ្នកនៅក្នុងខេត្តទាំងប៉ុន្មាននេះឯង។ ទី២ គឺប្រជាពលរដ្ឋខ្មែរនៅតំបន់រផ្សេងៗ ដែលមកស្វែងរកការងារនៅខេត្តទាំងប៉ុន្មាននេះ ដែលជាគោលដៅធំរបស់យើង បង្កើតជម្រុញកំណើនសដ្ឋកិច្ចបង្កើតការងារឱ្យបានច្រើននៅក្នុងស្រុក ដើម្បីឱ្យបងប្អូនរបស់យើង ប្រជាពលរដ្ឋរបស់យើង។ ការដើរទាក់ម៉ូយ ការដើរទាក់ទាញវិនិយោគជម្រុញសេដ្ឋកិច្ចនៅក្នុងប្រទេស ថែរក្សាលំនឹងសុខសន្តិភាព ស្ថិរភាព ការលើកទឹកចិត្ត ដាក់ចេញនូវគៅលនយោបាយផ្សេងៗ បានធ្វើឱ្យកម្ពុជាជាប្រទេសមួយ ជាគោលដៅវិនិយោគទេសចរណ៍កាន់តែច្រើន ដើម្បីទាញផលមកទ្រទ្រង់ឱ្យប្រជាពលរដ្ឋរបស់យើង។ អញ្ចឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ គឺដើម្បីភ្ជាប់តំបន់សក្តានុពលទាំងនោះ ដើម្បីពង្រាយខ្លួនមនុស្សយើងទាល់តែមានសុខភាពល្អ គ្រប់កន្លែង មិនអាចតែមុខស្រស់ តែជើង ឬមួយដៃជើងស្វិតនោះទេ។ ត្រូវរីកទាំងអស់ ឈាមត្រូវរត់ឱ្យដល់គ្រប់កន្លែងទើបបានខ្លួនយើងគេហៅថារឹងមាំ»

* «ផ្ការីក» របស់ក្រុមជ្រុលនិយម គឺផ្លូវឆ្ពោះទៅរកការបំបែកបំបាក់និងការបំផ្លិចបំផ្លាញសង្គមជាតិ

តាមពិតពាក្យ «ផ្ការីក» គឺជាពាក្យដ៏ល្អមួយ ប៉ុន្តែពាក្យ «ផ្ការីក» និងនិយមន័យរបស់ «ផ្ការីក» នោះ បែរជាត្រូវបានក្រុមជ្រុល និយមយកមកប្រើប្រាស់ក្នុងន័យអាក្រក់ដើម្បីចង់បំផ្លាញប្រទេសជាតិរបស់ខ្លួនទៅវិញ។ ពាក្យ «ផ្ការីក» របស់ក្រុមជ្រុលនិយម មិនមានផែនការក្នុងការកសាងប្រទេសឡើយ។ ផែនការ «ផ្ការីក» របស់ពួកគេ គឺការសាបព្រួសបំផ្លាញទំនុកចិត្ត, សម្តីញុះញង់បង្កឱ្យមានការខឹងសម្បារ, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងអំពើសាបព្រួសគ្រាប់ពូជនៃភាពវឹកវរតែប៉ុណ្ណោះ។

គេបានឃើញហើយថា ក្នុងពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងប្រឈមលើការដោះស្រាយរកការជម្រះភាពស្មុគស្មាញដោយសារការបង្កើនអត្រាពន្ធដារបស់រដ្ឋបាលសហរដ្ឋអាមេរិក, មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានឆ្លៀតនិយាយមួលបង្កាច់ថាប្រព័ន្ធសេដ្ឋកិច្ច នៅកម្ពុជាក្ស័យធន, នៅពេលដែលមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្រុមជ្រុលនិយមចោទថា កម្ពុជាបានបំរើផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយដល់ប្រទេសចិន ហើយនៅពេលដែលរាជរដ្ឋាភិបាល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ចោទថារាជរដ្ឋាភិបាលចំណាយលុយជាតិឥតប្រយោជន៍ ទទួលដំណើរស្វាគមន៍លោកជំទាវ ផែ ថងថាន។

សម្តីចាក់ចុចញុះញង់ទាំងនេះហើយ គឺជាផែនការ «ផ្ការីក» របស់ក្រុមជ្រុលនិយម សម រង្ស៊ី នោះ។ វេលាចុងក្រោយនេះទៀត ខណៈរាជរដ្ឋាភិបាល បាននិងកំពុងសម្ពោធសមិទ្ធផលជាតិជាបន្តបន្ទាប់ ក្រុមជ្រុលនិយមដែលចូលចិត្តប្រើព័ត៌មានក្លែងក្លាយបំពុលសង្គម បានចោទថាអ្នកដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្នគ្មានសមត្ថភាពដឹកនាំប្រទេសឡើយ ដែលសម្តីដោយឥតអៀនខ្មាស់នេះ ចេះតែហ៊ានអាចធ្វើទៅរួច បើសូម្បីតែទណ្ឌិត សម រង្ស៊ី ខ្លួនឯងរៀនមិនទាន់ដល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច ដូចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងកាច់ចង្កូតដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ មានសមត្ថភាពពូកែជាង និងមានសញ្ញាបត្រផ្នែកសេដ្ឋកិច្ចខ្ពស់ជាង សម រង្ស៊ី ក្នុងនោះគ្រាន់តែសញ្ញាបត្រ២ផ្នែកសេដ្ឋកិច្ច គឺសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ ញូយ៉ក និងសញ្ញាបត្រនៃបណ្ឌិតសេដ្ឋកិច្ច PhD ពីសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស ក៏ជាការបង្ហាញនូវសមត្ថភាពដ៏ខ្ពង់ខ្ពស់ ជាងទណ្ឌិត សម រង្ស៊ីនោះផងដែរ។

បើរៀបរាប់ត្រឹមតែការយល់ដឹងផ្នែកសេដ្ឋកិច្ច, សម្តេចបវរធិបតី មានសញ្ញាបត្រនិងការយល់ ដឹងលើសពីសម រង្ស៊ីទៅហើយ នោះមិនរាប់បញ្ចូលទាំងប្រវត្តិសិក្សាដែលទទួលបានសញ្ញាបត្រផ្នែកបណ្ឌិតយោធា Military Academy ពីសាលាបណ្ឌិតសភាយោធាអាមេរិកនៅ West Poin នោះឡើយ។ សម រង្ស៊ី ដែលបក្ខពួកធ្លាប់និយាយអួតអាងថាជាបណ្ឌិតផ្នែកសេដ្ឋកិច្ចនោះ ប៉ុន្តែបែរជាមិនយល់នូវអ្វីដែលជា «អត្រាឱនភាពជញ្ជីងពាណិជ្ជកម្ម» នៃទ្រឹស្តីសេដ្ឋកិច្ចឡើយនាពេលកន្លងមកនេះឡើយ។

ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងធ្វើជាសាក្សីរួចមកហើយថា ភាពជាអ្នកដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែត្រូវបានសម្គាល់ដោយការបញ្ជាក់តែទៅលើក្រដាសតែប៉ុណ្ណោះទេ វិធីសាស្ត្រដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវបានគេចាត់ទុកថាមានភាពឆ្លាតវាងវៃ និងប៉ិនប្រសប់យ៉ាងក្រៃលែងថែមទៀត។ សម្តេចបវរធិបតី គឺជាក្តីសង្ឃឹមដ៏មុតមាំរបស់កម្ពុជា ដែលកំពុងបោះជំហានទៅរកចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ នៃប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់ជាបន្តបន្ទាប់។

* «ផ្ការីក» ពិតប្រាកដ គឺការអភិវឌ្ឍប្រទេស

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរអាចធ្វើដំណើរបានលឿន ធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល និងរស់នៅកាន់តែប្រសើរឡើង គឺដោយសារយុទ្ធសាស្ត្រ «ផ្ការីក» ពិតប្រាកដរបស់រាជរដ្ឋាភិបាល។ ពិធីសម្ពោធផ្លូវជាតិ៤១, ៣១ និង៣៣ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មិនមែនជារឿងចៃដន្យ, មិនមែនគ្រាន់តែជាផ្លូវបេតុង និងផ្លូវចាក់ក្រាលកៅស៊ូប៉ុណ្ណោះនោះទេ វាគឺជាការបង្ហាញពីចក្ខុវិស័យជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី ប្រកបដោយប្រជាប្រីយ៍ភាព និងសមត្ថភាពដ៏ខ្ពង់ខ្ពស់។

ដូច្នេះពាក្យ «ផ្ការីក» ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តកសាង និងអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនទៅមុខជានិរន្តន៍ និងមិនដូចពាក្យ «ផ្ការីក» របស់ក្រុមជ្រុលនិយម ដែលបង្កតែភាពញុះញង់និងអំពើបែកបាក់ជាតិឡើយ។ ពាក្យ «ផ្ការីក» ពិតប្រាកដ គឺការរួបរួមគ្នា, រក្សាស្ថិរភាព និងវិបុលភាព ឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាជាមួយនឹងការផ្សាភ្ជាប់នូវភាពរីកចម្រើនរបស់ជាតិ ឱ្យកាន់តែសន្ទុះកើនឡើងជារៀងរាល់ថ្ងៃក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ នៃមរតកដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕