(កណ្តាល)៖ ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ សមាជិកគាំទ្រគណបក្សភ្លើងទៀន នៅព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលចំនួន ១៣នាក់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានសម្រេចចិត្តដើរចេញពីបក្សខ្លួន និងសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
សមាជិកគណបក្សប្រឆាំងទាំង ១៣នាក់នោះ បានបញ្ជាក់ថា ដោយអស់សង្ឃឹមថា នឹងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំង ពួកគេក៏សម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពួកគេបានគូសបញ្ជាក់ថា ពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
សមាជិកគណបក្សប្រឆាំងទាំង ១៣នាក់នោះ បានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕