សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រពេញទំហឹងចំពោះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីឡើងដល់២០ពាន់លានដុល្លារអាមេរិក។

ការប្រកាសគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ទីដែលសម្តេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។

លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវការស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ ប្រធានរដ្ឋសភាវៀតណាម បានសម្តែងក្តីសប្បាយចិត្តបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ។

ប្រធានរដ្ឋសភាវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដើរក្បួនព្យុះហយាត្រាអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ សម្រាប់លោកប្រធានរដ្ឋសភាវៀតណាម តាមរយៈព្យុះហយាត្រា បង្ហាញឱ្យឃើញពីការប្រកៀកស្មាគ្នាជាប់ជានិច្ចរវាងកងទ័ពវៀតណាម និងកម្ពុជា តាំងពីដំណាក់កាលដណ្តើមឯករាជ្យ និងកសាងជាតិរហូតដល់ពេលបច្ចុប្បន្ន។ ព្យុះហយាត្រា នេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះកិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាក្នុងឱកាសនៃការចូលរួមអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទរបស់កម្ពុជា១២០រូប បានចូលរួមដើរក្បួនព្យុះហយាត្រាអបអរសាទរខួប៥០នៃការបង្រួបបង្រួមប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសវៀតណាម បានរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ ប្រទេសកម្ពុជា ដូចគ្នាដែរនៅថ្ងៃទី៣០ ខែមេសា កម្ពុជា បានចូលជាសមាជិកអាស៊ានពេញសិទ្ធិ​នា​ឆ្នាំ១៩៩៩ នាទីក្រុងហូជីមិញ។ សម្រាប់សម្តេចតេជោ ថ្ងៃទី៣០ ខែមេសា ជាកាលបរិច្ឆេទដ៏ល្អរវាងកម្ពុជា និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដែលបានជួបប្រធានរដ្ឋសភាវៀតណាមជាថ្មី។ សម្តេចតេជោ បានថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពបងប្រុសជាទីស្រឡាញ់របស់សម្តេចកាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង​ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្តេចតេជោ បានគូសរំលេចថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ជាពិសេសទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

ក្នុងជំនួបនោះ សម្តេចតេជោ បានសម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងហាណូយ។ កិច្ចសម្របសម្រួលនេះ ភាគីទាំងពីបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក និងដោះស្រាយបញ្ហាតាមព្រំដែនជាមួយគ្នា។

ប្រធានរដ្ឋសភាវៀតណាម បានជម្រាបសម្តេចតេជោថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំ២០២៤ រូបលោកបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជា គួរឱ្យកត់សម្គាល់។ លោកប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម, លោកប្រធានរដ្ឋសភាវៀតណាម បានស្នើកម្ពុជា បន្តពង្រឹងទំនាក់ទំនងទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យបង្កើតសមាគមមិត្តភាពរវាងសភាវៀតណាម និងសភាកម្ពុជា។ លោកប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង​រវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនដល់២០ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះគំនិតរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងការបង្កើតសមាគមមិត្តរវាងសភាវៀតណាម និងសភាកម្ពុជា៕