(ភ្នំពេញ)៖ លោកណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Taku Eto រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញបញ្ហាសំខាន់ៗ ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ការអនុវត្តផែនការសហប្រតិបត្តិការ MODORI រវាងអាស៊ាន ជាមួយជប៉ុន ដើម្បីជំរុញរបៀបវារៈនិរន្តភាព ដោយផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នកាបោន ការកាត់បន្ថយកសិជាតិគីមីដែលគ្រោះថ្នាក់ ព្រមទាំងការធ្វើឌីជីថលនីយកម្មនៅក្នុងវិស័យទាំងនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធី Halalbihalal 2025 ឬពិធីសុំខមាទោស ដែលរៀបចំដោយគណៈកម្មាធិការសុខុមាលភាពបុគ្គលិក (SWC) ឆ្នាំ២០២៥ របស់លេខាធិការដ្ឋានអាស៊ាន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសំដែងនូវការស្វាគមន៍ចំពោះមន្ត្រីបុគ្គលិកទាំងអស់ នៅក្នុងឱកាសនៃការប្រារព្វពិធីបុណ្យប្រពៃណីនាពេលថ្មីៗនេះ ហើយក៏បានអបអរសាទរសមាជិក SWC ឆ្នាំ២០២៥ ដែលទើបបានជាប់ឆ្នោត។
លោកបណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកំពុងបន្តរបស់ SWC ហើយបានទទូចឱ្យគណៈកម្មាធិការនេះបន្តរៀបចំព្រឹត្តិការណ៍សង្គម និងគំនិតផ្តួចផ្តើមប្រកបដោយអត្ថន័យដែលជួយពង្រឹងសាមគ្គីភាព និងស្មារតីកិច្ចសហប្រតិបត្តិការ មិត្តភាព និងការងារជាក្រុម នៅក្នុងចំណោមមន្ត្រីបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានទាំងអស់។
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Aung Myo Myint តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ា ប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន បានចូលរួមរំលែកទុក្ខ និងសំដែងនូវសាមគ្គីភាពជាមួយមីយ៉ាន់ម៉ា ក្រោយពីគ្រោះរញ្ជួយដីពេលថ្មីៗនេះហើយបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរបស់អាស៊ាន ដើម្បីជួយគាំទ្រដល់មីយ៉ាន់ម៉ា។
កិច្ចប្រជុំក៏បានពិភាក្សាអំពីសមិទ្ធផលដែលអាចសម្រេចបានសំខាន់ៗរបស់អាស៊ាននៅក្នុងឆ្នាំនេះក្រោមការដឹកនាំរបស់ម៉ាឡេស៊ី ព្រមទាំងបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំសំខាន់ៗនៅឆ្នាំនេះផងដែរ។
នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងារ រៀបចំដោយលោកស្រី Joanna Anderson ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ រួមទាំង សមិទ្ធផលដែលអាចសម្រេចបានសំខាន់ៗ ដើម្បីជួយគាំទ្រដល់អាស៊ាននៅឆ្នាំនេះ។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរនូវការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរខួប៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់អគ្គលេខាធិការអាស៊ាន នៅប្រទេសនូវែលសេឡង់ នៅខែឧសភាខាងមុខផងដែរ៕