(បារាំង​)៖ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព «Angkor Royal Bronzes: Art of Divine» ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

មានវត្តមាននាពេលនោះ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗ លើពិភពលោកចំនួន៧៤នាក់ផងដែរ។

សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះ ត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤ មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន១២៦ ផ្សេងទៀតនាពេលនេះ៕