(ហូជីមិញ, វៀតណាម)៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា ធ្វើឱ្យប្រទេសវៀតណាម ដណ្តើមបានវៀតណាមខាងត្បូង ហើយក៏ជាពេលវេលានៃការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃការបង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាមអស់ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ត្រថា កម្ពុជា ជាចំណែកយ៉ាងធំធេងនៃការបង្រួបបង្រួមវៀតណាម។
ក្នុងយុទ្ធសាស្ត្រសង្គ្រាម វៀតណាមខាងជើង ជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលមកវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង។ តែដោយមានការជួយជ្រោមជ្រែងរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ តាមរយៈផ្លូវលំហូរជីមិញ កងទ័ពវៀតណាមខាងជើង ប្រើប្រាស់ទឹកដីកម្ពុជា វាយចូលវៀតណាមខាងត្បូង រហូតដណ្តើមបានជោគជ័យ។ អ្នកជំនាញលើសមរភូមិសង្គ្រាម បានមើលឃើញថា បើគ្មានការជួយពីកម្ពុជា វៀតណាមខាងជើង មិនអាចវាយដណ្តើមយកវៀតណាមខាងត្បូងបាននោះឡើយ។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលវៀតណាម បានប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារិកនៃខួប៥០ឆ្នាំថ្ងៃដែលពួកគេដណ្តើមបានវៀតណាមខាងត្បូង ថ្ងៃដែលអាមេរិកបរាជ័យសង្គ្រាមនៅវៀតណាមខាងត្បូង បរាជ័យក្នុងកិច្ចការពារសម្ព័ន្ធមិត្ត និងជាថ្ងៃដែលគេបង្រួបបង្រួម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិកនេះផងដែរ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានអរគុណកម្ពុជា ដែលបានចូលរួមចំណែកការជួយវៀតណាម ឱ្យសម្រេចបានជោគជ័យ។ លោក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមដើរព្យុះហយាត្រាកងទ័ព។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងពិធីអបអរសាទរនេះ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទររដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួប៥០ឆ្នាំ នៃការបង្រួបង្រួមជាតិវៀតណាម។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីអតីតកាលកម្ពុជា និងវៀតណាម បានជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះវាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។
សម្តេចតេជោ បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ កម្ពុជា និងវៀតណាម ត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។
សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចតេជោបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦លាន់នាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។
ក្រៅពីពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ហើយវៀតណាម បន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។
ជាការឆ្លើយតប លោក ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ លោក សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២០ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់តិ៍ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្ត និងបានអរគុណចំពោះការសន្យារបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការសហការ និងគាំទ្រដល់កម្ពុជា៕