(ទីក្រុងវៀងច័ន្ទន៍)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលឧត្តមភាពផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប (EU CBRN CoE) លោកនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំលើកទី២៤ នៃមន្ត្រីជាតិក្នុងតំបន់អាស៊ានជាមួយមន្រ្តី និងក្រុមការងាររបស់ EU CBRN CoE) និងអង្គការ UNICRI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះត្រូវបានរៀបចំដោយ ក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សហការជាមួយ EU CBRN CoE និង UNICRI ដែលមានការចូលរួមពីមន្រ្តីបង្គោលជាតិមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាមន្រ្តីជំនាញពីបណ្តាស្ថាប័ន EU CBRN CoE, UNICRI, ISEMI និងក្រុមការងារនៃបណ្តាគម្រោងផ្សេងៗ ព្រមជាមួយមន្រ្តីមកពីបណ្តាក្រសួង-ស្ថាប័ន នៃប្រទេសឡាវជាច្រើនរូបទៀត សរុបប្រមាណ ៤៧នាក់។
ចំពោះកិច្ចប្រជុំលើកទី២៤នេះ មានគោលបំណងសំខាន់ផ្តោតលើការពិភាក្សា និងពិនិត្យឡើងវិញនូវការងាររយៈពេល៦ខែកន្លងមក និងការរៀបចំផែនការសម្រាប់រយៈពេលខាងមុខទៀត។ ជាពិសេសបានផ្តោតការពិភាក្សាសំខាន់លើ: Project 94 (OSA), Project 98 (EMED), Project 106 (TEST), Project 103 (EU P2P), គម្រោងនៃការផ្គត់ផ្គង់ជូននូវបណ្តាសម្ភារៈ ឧបករណ៍សម្រាប់កិច្ចការជំនាញ CBRN ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន (P.113-PEPSEI) និងគម្រោងមួយចំនួនទៀតដូចជាគម្រោង CBRN Crime Scence និង Investigatim ជាដើម។
សូមជម្រាបថា កិច្ចប្រជុំនេះត្រូវបានរៀបចំ ២លើកក្នុងមួយឆ្នាំ ក្នុងនោះ១លើកក្នុងបណ្តាប្រទេសអាស៊ាន និង ១លើកទៀតនៅក្នុងបណ្តាប្រទេសអឺរ៉ុប។ ដោយកិច្ចប្រជុំលើកទី២ក្នុងឆ្នាំ២០២៥ បន្តពីលើកនេះនឹងត្រូវរៀបចំឡើងនៅទីក្រុង Brussels ប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី១២-១៦ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ កិច្ចប្រជុំលើកទី២៤ ដែលត្រូវរៀបចំដោយក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសហការជាមួយ UNICRI និង EU CBRN CoE នេះត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ រលូន និងប្រកបដោយភាពស្និតស្នាលបំផុត៕