(បាត់ដំបង)៖ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) បានដឹកនាំមន្ត្រីមានពិការភាព ចុះសួរសុខទុក្ខជនមានពិការភាពភ្នែក ដែលប្រកបមុខរបរម៉ាស្សាដៃទេព ដោយជនមានពិការភាពភ្នែក នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

លោក ចាប តូ បានលើកឡើងស្ដីពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងទេសចរណ៍ គ្រោងនឹងបើកវគ្គបណ្តុះបណ្តាល វិក្រឹតការ ដល់ជនមានពិការភាពភ្នែកលើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដើម្បីបំប៉នសមត្ថភាពបន្ថែម ដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សា នៅសមាគមតន្ត្រីសំនៀងជនពិការ ឲ្យពួកគាត់មានជំនាញច្បាស់លាស់ស្របតាមស្តង់ដារ និងឱកាសទទួលបានការងារនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។

ដើម្បីជំរុញការយកចិត្តទុកដាក់ចំពោះបងប្អូនជាជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងបង្កើតគោលនយោបាយ យន្តការច្បាប់នានាជាច្រើន ដើម្បីជួយសម្រួល ដល់ជីវភាពជនមានពិការភាព ដូចជាផ្ដល់បណ្ណមូនិធិសមធម៌សុខាភិបាល កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការស្នើសុំសេវាសុខាភិបាល ដោយឥតគិតថ្លៃ ការបង្កើតបេឡាជាតិ អតីតយុទ្ធជន ជាពិសេសផ្ដល់នូវកម្មវិធីនានា ពាក់ព័ន្ធជំនាញវិជ្ជាជីវៈ ដើម្បីឪ្យពួកគាត់មានការងារ មុខរបរជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។

ក្នុងនោះផងដែរ លោក ជា សុមេធី និងលោកស្រី ជា ផល្គុន បានឧបត្ថម្ភមីដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង ចំនួន១,០០០កេស។ ក្នុងនោះមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ជូនមជ្ឈមណ្ឌលដូចខាងក្រោម៖
១៖ មជ្ឈមណ្ឌលសំចតសង្គមកិច្ច ចំនួន២១០កេស
២៖ មជ្ឈមណ្ឌល ពិភពក្ដីសង្ឃឹម ចំនួន១៥០កេស
៣៖ មជ្ឈមណ្ឌលបុរីកុមារកំព្រាបាត់ដំបង១ ចំនួន៩០កេស
៤៖ មជ្ឈមណ្ឌលបុរីកុមារកំព្រាបាត់ដំបង២ ចំនួន៣០កេស
៥៖ មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ចំនួន៥០កេស
៦៖ មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង ចំនួន៥០កេស
៧៖ អង្គការភូមិកុមារ (SOS) ចំនួន១០០កេស
៨៖ គ្រួសារធម៌៣០គ្រួសារ ក្នុងឃុំអន្លង់វិល ចំនួន៥០កេស
៩៖ គ្រួសារក្រីក្រនៅស្រុកមោងឫស្សី ចំនួន១០០កេស
១០៖ គ្រួសារក្រីក្រនៅស្រុកសំឡូត ចំនួន១០០កេស
១១៖ ក្រុមការងារសង្កាត់ស្លាកែត ចំនួន៥០កេស
១២៖ ជនពិការដែលមានមុខរបរម៉ាស្សា និងចាប់សសៃ ចំនួន២០កេស។

ក្នុងនោះផងដែរ ជនមានពិការភាពភ្នែក ប្រកបមុខរបរផ្នែកម៉ាស្សា ទទួលបានការឧបត្ថម្ភពីលោករដ្ឋមន្រ្តី និងលោកស្រី ចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១០គីឡូ មី២កេស សារុង១ ឈើច្រត់១ និងថវិកា ៧០,០០០រៀល៕

https://image.freshnewsasia.com/2021//fn-2025-04-30-20-09-48-0.JPG https://image.freshnewsasia.com/2021//fn-2025-04-30-20-09-48-1.JPG https://image.freshnewsasia.com/2021//fn-2025-04-30-20-09-49-2.JPG https://image.freshnewsasia.com/2021//fn-2025-04-30-20-09-50-3.JPG https://image.freshnewsasia.com/2021//fn-2025-04-30-20-09-51-4.JPG https://image.freshnewsasia.com/2021//fn-2025-04-30-20-09-52-5.JPG https://image.freshnewsasia.com/2021//fn-2025-04-30-20-09-53-6.JPG