(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ដែលតែងចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួនមកចូលរួមគ្រប់សកម្មភាពជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៧២ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលបានយកអស់កម្លាំងចិត្ត កម្លាំងកាយចូលរួមការពារ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន នៅខេត្តសៀមរាប យ៉ាងយកចិត្តទុកដាក់បំផុត។ ទាំងនេះស្តែងចេញពីការចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសជាតិ មានសុខ សន្តិភាពពេញលេញ។

លោកបានគូសបញ្ជាក់ថា សន្តិសុខឯកជន ជាកម្លាំងមួយដ៏សំខាន់ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានលើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា៖ បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការលេងល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាញខុសច្បាប់ជាដើម ពិសេសនៅតាមបណ្តាទីតាំងស្នាក់នៅ និងគោលដៅងាយរងគ្រោះ។

លោកបានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។

ក្នុងរយៈពេល២ថ្ងៃ នៃវគ្គបំប៉នជំនាញនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដែលសន្តិសុខឯកជនបាននិងកំពុងជួបប្រទះកន្លងមក ដូច្នេះបានយល់ដឹងយ៉ាងច្បាស់អំពី៖ តួនាទី និងភារកិច្ច, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន, វិធីសាស្ត្រការពារគោលដៅ, ការស្វែងយល់អំពីចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះពីអគ្គិភ័យ, ការពារ​និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់។

លោកក៏បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជន យកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់ មិត្តរួមការងារ មិត្តភ័ក្រ ក្រុមគ្រួសារ បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀត ឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវត និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមចំណែក អនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល៕