(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញធ្វើបាឋកថាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថារួមមាន លោកសាស្រ្តាចារ្យសាកលវិទ្យាធិការ លោកអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បុគ្គលិកអង្គការសុខភាពបុរស និងសាកលវិទ្យាធិការរង មន្រ្តី ព្រមទាំងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង២០០នាក់។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការងារឆ្លើយតបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាលផង។ ការងារនេះត្រូវមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន។ ក្នុងនោះ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាអ្នកជំងឺមួយជីវិត៖ ១-ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង (វិស័យសុខាភិបាល) ២- មានផ្នត់គំនិតមិនដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាលថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិនខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ, ៣- មានការខ្មាស់អៀន, ៤- រងនូវការមាក់ងាយនិងរើសអើង, ៥- ត្រូវការរស់នៅក្នុងសង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ (វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណ:។ល។)។

ចំណែឯការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ (នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀននិងអ្នកប្រើគ្រឿងញៀនជាដើម) ២- លើកទឹកចិត្តអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកធ្វើតេស្ត ឱ្យចេះប្រើស្រោមអនាម័យ ចេះប្រើ PrEP (វិធីលេបថ្នាំបង្ការជាមុន ការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍) ឬ PEP (ការព្យាបាលបង្ការក្រោយពីប្រឈមនឹងការឆ្លងមេរោគអេដស៍)។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើនដើម្បីឆ្លើយតបនឹងមេរោគអេដស៍ទើបអង្គការយូអិនអេដស៍បានដាក់ចេញនូវគោលការណ៍បីមួយ គឺយុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យ។ នៅរៀងរាល់៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក៏ប៉ុន្តែកាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ទេសរដ្ឋមន្រ្តីបានបន្ថែមថា បទពិសោធន៍ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមកឱ្យឃើញថាគោលការណ៍រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឱ្យទទួលលទ្ធផលល្អគួរជាទីមោទនៈ។

នៅក្នុងដំណើរការ លោកទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនលោក ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស រួមជាមួយបុគ្គលិកអង្គការសុខភាពបុរស២រូបឡើងពន្យល់បញ្ជាក់ជូនអំពី មូលហេតុនៃការ ឆ្លងនិងចម្លងមេរោគអេដស៍ ការប្រព្រឹត្តប្រឈមនឹងការឆ្លង វិធីក្នុងការបង្ការផ្សេងៗដែលរួមមានការប្រើស្រោមអនាម័យ ព្រមទាំង PrEP និង PEP ផងដែរ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ក្នុងនោះគោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ជាសេចក្តីសន្និដ្ឋាន ទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា បើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួម និងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការគ្នាបានល្អ នោះចំណុចខ្វះខាតដែលកំពុងកើតមានទាំងប៉ុន្មាននឹងត្រូវបានកែលម្អជាមិនខាន ដែលនៅទីបំផុតការឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានឹងទទួលជោគជ័យយ៉ាងធំធេងជាមិនខាន៕