(ភ្នំពេញ)៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារ ដែលឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជាស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា៖ «ក្រុមហ៊ុន រោងចក្រសហគ្រាសដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមានក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះ ឱកាសការងាររាប់ម៉ឺនកន្លែង បានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»

លោកបានបន្តថា៖ «កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»

បន្ថែមពីនេះ លោក គឹម ចាន់សំណាង បានចាត់កំណើនវិនិយោគ គឺជាការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវាជាភ័ស្ដុតាងដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពនៅកម្ពុជាបានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ។

នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។

ជាមួយគ្នានេះក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)។ តឹកតាងទាំងអស់នេះ បានបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ការឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យើងសង្កេតឃើញថា ទទួលបានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច»

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយលោកបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ននេះ យ៉ាងហោចណាស់ត្រូវមានជំនាញមួយ សម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត លោកបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករ និងអង្គការវិជ្ជាជីវៈទាំងអស់បន្តប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារច្បាប់ដែលមានស្រាប់ និងលើកកម្ពស់វប្បធម៌នៃការអនុលោមតាមច្បាប់។ លោកបានបញ្ជាក់ថា នេះជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ការប្រកួតប្រជែង ការទាក់ទាញការវិនិយោគ និងបង្កើតឱកាសការងារសមរម្យសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋជាបន្តបន្ទាប់ថែមទៀត៕