(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាការពារភាពសុខសាន្តរបស់ប្រទេស មិនត្រូវជឿតាមការញុះញង់ណាមួយ ទៅបំផ្លាញប្រទេសជាតិនោះឡើយ។ ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្ដិភាព បើមិនគិតពីសេចក្តីសុខរបស់អ្នកដទៃ ក៏គួរគិតពីសេចក្តីសុខរបស់ខ្លួន និងគ្រួសារ ដើម្បីរក្សាសេចក្តីសុខនេះ ត្រូវរក្សាឱ្យបានសុខនូវសន្តិភាព និងការឯកភាពរបស់ជាតិ។
ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងវិស័យពាណិជ្ជកម្មមិនត្រឹមតែនៅក្នុងផេនេះទេ ខេត្តព្រះសីហនុទាំងមូល ខេត្តជាប់ឆ្នេរទាំងអស់បូកជាមួយសេដ្ឋកិច្ចជាតិ នឹងបន្ដរីកចម្រើនតាមការអនុវត្តន៍ នឹងន៎ ក្នុងម្លប់សន្ដិភាពនៃគោលនយោបាយ ព្រមទាំងសន្ដិសុខជាតិដែលយើងធ្វើបានរហូតមកដល់ប៉ុនេះ និងអរគុណណាស់ចំពោះបងប្អូនទាំងអស់គ្នាដែលបានចូលរួមខិតខំប្រឹងប្រែង ក្នុងការបំពេញការងាររបស់ខ្លួនបានល្អ ធ្វើឲ្យផែននេះរីកចម្រើន ដំណើរការល្អ ដែលចូលរួមក្នុងជួយលើកកម្ពស់ ប្រព័ន្ធដឹកជញ្ជូនរបស់យើង ដែលជាវិស័យសំខាននៃសេដ្ឋកិច្ចជាតិរបសយើង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា «ទាំងនេះជារឿងដែលល្អបំផុតដែលបងប្អូនត្រូវធ្វើ ជៀសជាងបងប្អូនឈប់ធ្វើការ ទៅធ្វើកូដកម្មដើរដុតសាលា ដុតរោងចក្រ តបតាមការអំពាវនាវរបស់គេ ដែលលួងលោមហៅបងប្អូនឲ្យទៅធ្វើរឿងខុស ដូច្នេះសូមបងប្អូនរួមគ្នា ប្រទេសយើងមិនល្អឥតខ្ចោះនោះទេ ប្រទេសយើងមិនទាន់ក្លាយជាអ្នកមានគ្រប់គ្រាន់នោឡើយនោះទេ ប៉ុន្ដែយើងចង់ឲ្យប្រទេសយើងកាន់តែល្អឥតខ្ចោះ យើងដាក់ទិសដៅក្នុងការជំរុញធ្វើឲ្យល្អបន្ថែមទៀត តាមការដាក់ចេញគោលនយោបាយ និងវិធានការជាបន្ដបន្ទាប់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមអរគុណណាស់ចំពោះបងប្អូនដែលចូលរួមធ្វើជាមួយគ្នា យើងធ្វើពិត បានតិច ឬច្រើនយើងត្រូវដើរទៅមុខ ប្រជាជនកម្ពុជាប្រមាណ១៧លាននាក់ ពិតណាស់មិនមែនមានទឹកចិត្តដូចគ្នាទាំងអស់នោះទេ ប៉ុន្ដែខ្ញុំជឿថា ប្រជាពលរដ្ឋយើងទាំងអស់ តែងតែចង់បានណាស់នូវសេចក្ដីសុខ នូវស្ថេរភាព សន្ដិភាព និងការដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ [....]»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាការពិតបងប្អូនខ្លះអោយតម្លៃសន្ដិភាព ប៉ុន្ដែបងប្អូនខ្លះមិនបានឲ្យ តម្លៃសន្ដិភាពនោះទេ បើមិនឲ្យតម្លៃសន្ដិភាពក៏ហីចុះ ប៉ុន្ដែយ៉ាងហោចណាស់សូមឲ្យតម្លៃនៃសេចក្ដីសុខ ឲ្យតម្លៃនៃសេចក្ដីចម្រើនរបស់ខ្លួនឯង និងក្រុមគ្រួសារខ្លួនផង។ សេចក្ដីសុខ និងសេចក្ដីចម្រើនរបស់ខ្លួន បានមកពីភាពត្រជាក់ត្រជុំ និងការឯកភាពជាតិ ដែលសន្ដិភាពបានផ្ដល់ឲ្យនេះឯង ដូច្នេះបើមិនបានគិតពីផលប្រយោជន៍រួម សូមគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួន គឺផលប្រយោជន៍រស់នៅក្នុងសេចក្ដីសុខ៕